នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆាប់ៗខាងមុខនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសឧបត្ថម្ភដល់មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងម្នាក់ៗ១០០ដុល្លារ រួមនឹងស្រាបៀចំនួន២កេស ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីដែលបានបម្រើការងារល្អរយៈពេល១ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ មន្ត្រីរបស់រដ្ឋបាល ក៏នឹងទទួលបានការឧបត្ថម្ភស្រាបៀម្នាក់ៗ១កេសផងដែរ។ ការប្រកាសផ្តល់ស្រាបៀ និងប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ មេសា នៅសាលារាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី។
ជុំវិញការផ្តល់ប្រាក់ឧបត្ថម្ភ និងស្រាបៀ ដល់មន្ត្រីរាជការ សាលារាជធានីភ្នំពេញនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនសាទរ ចំពោះដឹកចិត្តរបស់លោកអភិបាលរាជធានី ប៉ុន្តែក៏មានខ្លះមិនសាទរ ទៅលើការឧបត្ថម្ភស្រាបៀ។
ការឧបត្ថម្ភស្រាបៀនេះ ត្រូវបានសាធារណៈមតិរិះគន់ថា ជាការលើកទឹកចិត្តឲ្យមន្ត្រីរបស់ខ្លួនពិសាគ្រឿងស្រវឹង ខណៈពេលដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរបួសភាគច្រើន គឺកើតចេញពីការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង៕ ដោយៈសៅ វិសាល