អតីត​​មន្ត្រី​​​សង្គ្រោះ​​​ជាតិ​១៤​​​រូប​​​កំពុង​ជាប់​ឃុំ​ទទូច​​​ស្នើ​​សុំ​​​លើក​​​ទោស​​​

05-04-2018 3:11 pm 2195
  ស្តាប់
ប្រភពរូបភាពពីលោកម៉ៅ មុនីវណ្ណ
ស្តាប់ជាសំឡេង

​អតីត​តំណាងរាស្ត្រ និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​រូប ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស ទទូច​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមាន​ការយោគយល់ និង​ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស ដើម្បីឱ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ (​សេង បារាំង​)

​បន្ទាប់ពី​ចូលជួប​សួរសុខទុក្ខ លោក ម៉ៅ មុនី​វណ្ណ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន បាន​បញ្ជាក់ថា ស្ថានភាព​ផ្លូវកាយ​សកម្មជន និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​រូប ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ហាក់បីដូចជា​ពុំសូវល្អ​ឡើយ ដោយសារតែ​ពួកគេ​សម្រាក​មិនសូវ​បាន​សត្វ​មូស​ច្រើនពេក​។​

​លោក ម៉ៅ មុនី​វណ្ណ និង​អតីតតំណារាស្ត្រ​២​រូប​ទៀត ព្រមទាំង​អ្នក​ជាប់ឃុំ បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​យោគយល់ និង​ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស ដល់​សកម្មជន និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ ដើម្បីឱ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ 

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​០៥ ខែ​មេសា ឆ្នាំ​២០១៨ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប គឺ​លោក ម៉ៅ មុនី​វណ្ណ  លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក កង គឹម​ហាក់ ត្រូវបាន​អគ្គនាយក​ពន្ធនាគារ អនុញ្ញាត​ទៅសួរសុខទុក្ខ​សកម្មជន​គណបក្សប្រឆាំង​ចំនួន​១៤​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​។ នេះជា​លើក​ទី​១​ហើយ ដែលអគ្គនាយកដ្ឋានពន្ធនាគារអនុញ្ញាតិ បន្ទាប់ពី​ខកខាន​ជាច្រើន​ខែ​ ​ដោយ​​សារ​តែ​​មាន​​បញ្ហា​មួយចំនួន​។ 

​ក៏​ប៉​ន្តែ​អគ្គនាយក​ពន្ធនាគារ មិនបាន​អនុញ្ញាតិឲ្យ​អតីតតំណាងរាស្ត្រ​ទាំង​នេះ ជួប​លោក មា​ជ សុវណ្ណ​រ៉ា នោះទេ បន្ទាប់ពី​លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​រឿង លោក មា​ជ សុវណ្ណ​រ៉ា បាន​លួច​និយាយ និង​ប្រើប្រាស​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ​។ 

​ការអនុញ្ញាត​នេះ ធ្វើ​ឡើយ​ក្រោយ​មាន​ការស្នើសុំ ពី​លោក​អ៊ូ ច័ន្ទ​រ័ត្ន កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ កន្លងទៅ សុំ​ជួប​សួរសុខទុក្ខ​សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៥​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស គឺមាន​លោក អ៊ំ សំអាន លោក មា​ជ សុវណ្ណារ៉ា លោក​អឿ ណា​រិទ្ធ លោក ឃិន រឿន លោក នាង សុ​ឃុន លោក សាន គីមហេង លោក ស៊ុំ ពុទ្ធី លោក កែ ឃីម លោក ទេព ណារិន លោក អាន បឋម លោក សាន សី​ហៈ លោក អ៊ុក សំណាង លោក យឿន ចិ​ត្រា លោក យន់ គឹម​ហួរ និង លោក យា ថុង​៕
 

ព័ត៌មានផ្សេងទៀត