ក្រសួង​​វប្ប​ធម៌​​បន្ត​​ជួស​ជុល​​ស្ពាន​​និង​​ប្រា​សាទ​បុរាណ​​ន្ថែ​ម​ទៀត​​

05-04-2018 12:57 pm 1016
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​នឹង​ជួសជុល​ស្ពាន និង​ប្រាសាទបុរាណ​មួយចំនួន​បន្ថែមទៀត​នៅ​ឆ្នាំ​២០១៨ ខណៈ​កន្លងមក​ក្រសួង​បាននិងកំពុង​ធ្វើ​ការជួស​ជុ​ល នូវ​ប្រាសាទបុរាណ​មួយចំនួន​ផងដែរ ហើយ​ការជួសជុល​នេះ​ចំណាយ​ដោយ​ថវិការដ្ឋ និង​ថវិកា​មូលនិធិ​អង្គរ​។ (​សេង បារាំង​)

​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ប្រាក់ សុវណ្ណារ៉ា បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​វប្បធម៌ គ្រោង​ជួសជុល​ស្ពាន និង​ប្រាសាទ​បុរាណ​បន្ថែមទៀត​នៅ​ឆ្នាំ​២០១៨ ដោយ​ការជួសជុល​នេះ គ្រោង​ចំណាយ​ថវិកាជាតិ និង​ថវិកា​មូលនិធិ​អង្គរ អស់​រាប់សិប​ម៉ឺន​ដុល្លារ​ឯនោះ​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ​របស់លោក ប្រាក់ សុវណ្ណារ៉ា​នេះ ក្រោយ​បញ្ចប់​ពិធី​ប្រគល់​សម្ភារ​និង​ថវិកា​មួយចំនួន របស់​ក្រសួង​វប្បធម៌ ជូន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៨​។​

​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​រូបនេះ បាន​គូសបញ្ជាក់ថា ដំណើរការ​នៃ​ការជួសជុល​ប្រាសាទបុរាណ​នេះ មាន​ប្រាសាទ​ខ្លះ​ក្រសួង​បាន​ជួសជុល​បញ្ចប់​ជា​ស្ថាព​រហើយ ប៉ុន្តែ​ប្រាសាទ​ខ្លះទៀត​នឹង​ចាប់ផ្ដើម​ធ្វើ​ការជួសជុល និង​ខ្លះទៀត​ក៏​កំពុង​បន្ដ​ជួសជុល​ផងដែរ​។ លោក ប្រាក់ សុវណ្ណារ៉ា បាន​គូសបញ្ជាក់​ទៀតថា ការជួសជុល​ឡើងវិញ​នេះ គឺ​ត្រូវធ្វើឡើង​តាម​ដំណាក់កាល​នីមួយៗ ព្រោះថា ប្រាសាទ​ខ្លះ​មាន​ទំហំ​ធំ និង​ខ្លះ​ទ្រុត​ទ្រោម​ខ្លាំង ហើយ​ម្យ៉ាងទៀត​ការជួសជុល​នេះ ធ្វើ​ទៅតាម​កញ្ចប់​ថវិកា ដែល​រាជរដ្ឋាភិបាល​ផ្ដល់ជូន​ក្រសួង​វប្បធម៌ និង​មួយទៀត គឺ​មូលនិធិ​អង្គរ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ការពារ​បេតិកភណ្ឌ​ជាដើម​។​

​ស្ពាន និង​ប្រាសាទបុរាណ ដែល​គ្រោង​ជួសជុល​បន្ថែមទៀត​សម្រាប់​ឆ្នាំ​២០១៨​នេះ មាន​ស្ពាន​បុរាណ​ទ័ព នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ចាប់ផ្ដើម​ជួសជុល នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​, ប្រាសាទ​បសេដ្ឋ នៅ​ខេត្តបាត់ដំបង ដែល​នឹង​ជួលជុល​បញ្ចប់​ទាំងស្រុង​, ប្រាសាទ​បន្ទាយឆ្មារ​, ប្រាសាទ​បន្ទាយទ័ព ខេត្ត​បន្ទាយមានជ័យ​, ប្រាសាទ​ព្រះ​សម្ដី​ខេត្ត​ត្បូងឃ្មុំ​, ព្រះវិហារ​បុរាណ នៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង​, ប្រាសាទ​បាកាន ខេត្ត​ព្រះវិហារ​៕

ព័ត៌មានផ្សេងទៀត