លោក​ហ៊ុន សែន​កាត់​ដី​រដ្ឋ​ជាង​៥០០​ហិកតាឲ្យ​ពលរដ្ឋ​នៅ​កោះរ៉ុងនិង​កោះរ៉ុង​សន្លឹម​

05-04-2018 10:39 am 11689
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បានសម្រេច​កាត់​ដី ទំហំ ៥២៨,៣៧ ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម នៃ​ខេត្ត​ព្រះសីហនុ ចេញពី​ដីឯកជន​របស់​រដ្ឋ ប្រគល់ជូន​ប្រជាពលរដ្ឋ ចំនួន​ជិត ៣០០​គ្រួសារ ដែល​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅលើ​កោះ​នេះ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​អ្នកសារព័ត៌មាន​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។ 

​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៨ បញ្ជាក់ថា ផ្ទៃដី​សរុប ៥២៨,៣៧ ហិកតា ត្រូវ​កាត់​ចេញពី​ដីឯកជន​របស់​រដ្ឋ ហើយ​ប្រគល់ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​អចិន្ត្រៃយ៍​លើ​កោះរ៉ុង ចំនួន ២៩៨ គ្រួសារ និង​ទំហំ ១២,១៣ ហិកតា ស្មើនឹង ១២ ក្បាលដី នៅ​ក្នុងនោះ សម្រាប់​សាលារៀន ៦ ក្បាលដី ,​សម្រាប់​ប៉ុស្តិ៍​រដ្ឋបាល ២ ក្បាលដី​, សាលាឃុំ ១​ក្បាលដី​, ទីស្នាក់ការ​ភូមិ ១ ក្បាលដី​, អង្គភាព​កងរាជអាវុធហត្ថ ១ ក្បាលដី​, និង​វត្ត ១ ក្បាលដី ស្ថិតនៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់ កោះរ៉ុង​សន្លឹម នៃ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​ផ្ទៃដី​ជាង​៥០០​ហិកតា​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ចំនួន ៤ រួមមាន​ភូមិ ដើមថ្កូវ ចំនួន ១២៥,៣១ ហិកតា ស្មើ ១៧០ ក្បាលដី នៅ​ក្នុងនោះ ១៦៩ ក្បាលដី ប្រគល់ឲ្យ​ពលរដ្ឋ ៦៣ គ្រួសារ និង​សាលាឃុំ ១ ក្បាលដី​។ ដោយឡែក ផ្ទៃដី ១៦៧,៤៥ ហិកតា ស្មើ ២០០ ក្បាលដី នៅ​ក្នុងនោះ ចំនួន ១៩៨ ក្បាលដី ប្រគល់ឲ្យ​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​ស្វាយ ៩៦ គ្រួសារ​, វត្ត ១ ក្បាលដី និង​សាលារៀន ១ ក្បាលដី ។ 

​ចំណែក​នៅ​ភូមិ​សុខសាន្ត មាន​ចំនួន ២០០,៤១ ហិកតា ស្មើ ១២៨ ក្បាលដី នៅ​ក្នុងនោះ ១២៤​ក្បាលដី ប្រគល់ឲ្យ​ប្រជាពលរដ្ឋ ៦៤ គ្រួសារ និង​សាលារៀន ៤ ក្បាលដី​។ ចុងក្រោយ​គឺ ភូមិ​កោះ​តូច​មាន​ផ្ទៃដី ៣៥,២០ ហិកតា ស្មើ ១៣៩​ក្បាលដី ត្រូវ​កាត់​ប្រគល់ឲ្យ​ពលរដ្ឋ ៧៥ គ្រួសារ និង ៥​ក្បាលដី សម្រាប់​សាលារៀន  ១ ក្បាលដី​, ប៉ុស្តិ៍​រដ្ឋបាល  ២​ក្បាលដី ទីស្នាក់ការ​ភូមិ ១​ក្បាលដី និង​អង្គភាព​កងរាជអាវុធហត្ថ​១​ក្បាលដី​។​

​លោក​ក​ហ៊ុន សែន​បញ្ជាក់ថា រដ្ឋមន្ត្រី​ទទួលបន្ទុក ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី​, រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​, រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​, រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ព្រះសីហនុ ជា​អ្នកទទួលខុសត្រូវ ចំពោះ​អនុក្រឹត្យ ស្តីពី កាត់​ដី​ជាង​៥០០​ហិកតា ចេញពី​កម្មសិទ្ធិ​របស់​រដ្ឋ ប្រគល់ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​កោះរ៉ុង​និង​កោះរ៉ុង​សន្លឹម ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕

ព័ត៌មានផ្សេងទៀត