ក្រោយត្រឡប់ពីទទួលគ្រឿងឥស្សរិយយស Padma Shri ពីប្រទេសឥណ្ឌា លោកហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា គ្រឿងឥស្សរិយយសនេះ មិនមែនតែសម្រាប់រូបលោកម្នាក់ឯងនោះទេ ប៉ុន្តែគឺសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកហ៊ុន ម៉ានី បានសរសេររៀបរាប់ យ៉ាងដូច្នេះថា
“គ្រឿងឥស្សរយស PADMA SHRI៖ គឺជាគ្រឿងឥស្សរយស ដែលខ្ញុំមានកិត្តិយសទទួលបាន តាងនាមឲ្យកម្ពុជា គឺជាគ្រឿងឥស្សរយស ដែលមិនមានផ្តល់ឲ្យ ហ៊ុន ម៉ានី តែម្នាក់ឯងនោះទេ ប៉ុន្តែគឺជាគ្រឿងឥស្សរយស ដែលតំណាងឲ្យការបូជាលះបង់, ការតាំងចិត្ត, ការខិតខំមិនខ្លាចនឿយហត់រាប់មិនអស់របស់ប្រជាជនកម្ពុជាជាច្រើននាក់ពីជំនាន់មុន, របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន និងកិច្ចប្រឹងប្រែងមិនអាចគណនាបានរបស់ជនកម្ពុជាទាំងឡាយណា ដែលបាននាំ និងប្រែក្លាយកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា ពីឋានៈជាប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាម ពីអំពើប្រល័យពូជសាសន៍ និងការលំបាកផងទាំងពួង, ពីគំនរផេះផង់ (ពិសេសនៅទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៩០) ទៅជាប្រទេសមួយដែលមានឯកភាពជាតិ, សន្តិភាព, ស្ថេរភាព, វិបុលភាព ដ៏រស់រវើក និងប្រកបដោយថាមភាព នៅក្នុងក្រសែភ្នែករបស់ពិភពលោក។
ព្រះរាជាណាចក្រជាទីស្រឡាញ់របស់យើងទាំងអស់គ្នា លែងជាប្រទេសកម្ពុជា ដែលអន្តរជាតិបានស្គាល់ត្រឹមតែអំពីអំពើយង់ឃ្នងទៀតហើយ។ កម្ពុជាបច្ចុប្បន្នមានជំហរស្មើមុខស្មើមាត់ ប្រកបដោយសេចក្តីថ្លៃថ្នូរ របស់ខ្លួន ទន្ទឹមគ្នានឹងពិភពលោកទាំងមូល ក្នុងនាមជាសមាជិកមួយរូបប្រកបដោយការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។
ជាប្រទេសកម្ពុជា ដែលយើងស្រឡាញ់!
ជាប្រទេសកម្ពុជា ដែលយើងមានមោទនភាព!
កម្ពុជាគឺជាផ្ទះជម្រករបស់យើងជាដរាប!
ខ្ញុំជឿជាក់លើជាតិ និងប្រជាជនរបស់យើង!
ហើយយើងជឿជាក់ និងវិនិយោគបន្ថែមក្នុងការធ្វើឲ្យអនាគត កាន់តែប្រសើរជាងបច្ចុប្បន្នថែមទៀត សម្រាប់អ្នកជំនាន់ក្រោយរបស់យើងទាំងអស់គ្នា” Padma Shri គឺជាគ្រឿងឥស្សរយសខ្ពស់បំផុត ដែលផ្តល់ជូនជនស៊ីវិល ពីសំណាក់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា៕