លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ដល់លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃទី៣ ខែមេសានេះថា បញ្ហាកងទ័ពមួកខៀវកម្ពុជា កំពុងតែបំពេញបេសកកម្មរក្សាសន្ដិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី និងអាហ្វ្រិកកណ្ដាល ត្រូវតែតាមដានអោយជាប់ ព្រោះតែរឿងនៅប្រទេសទាំងពីរនេះពិបាកចប់ណាស់ដោយសារតែ ក្រុមឧទ្ទាមមិនព្រមបញ្ឈប់ការបាញ់គ្នានោះទេ...
សំឡេងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន៖
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ដោយសារតែកន្លងមកមានកងទ័ពមួកខៀវកម្ពុជា ដែលចូលរួមរក្សាសុខសន្តិភាពនៅតាមបណ្តាប្រទេសមានបញ្ហាសង្គ្រាមបានទទួលរងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាម រហូតបណ្តាលឲ្យស្លាប់បាត់បង់ជីវិត និងរងរបួសផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ កងកម្លាំងមួកខៀវរបស់កម្ពុជា បម្រើការងារនៅប្រទេសអាហ្វ្រិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន អនុសេនីយ៍ទោ អ៊ឹម សំ អនុសេនីយ៍ឯក ម៉ៅ អេង ព្រិន្ទបាលទោ ស៊ាង នរិន្ទ និងលោកព្រិន្ទបាលទោមុំ តុលា ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តបញ្ជូនកងកម្លាំងរបស់កម្ពុជា ដើម្បីចូលរួមរក្សាសុខសន្តិភាព ក្រោមទង់របស់អង្គការសហប្រជាជាតិនោះគឺជាការឆ្លើយតបទៅតាមការអំពាវនាវរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងក្នុងឋានៈជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ជាពិសេសក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាម ។ដូចនេះកម្ពុជាចាំបាច់ត្រូវតែខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីទៅរួមចំណែកសម្រាលទុក្ខលំបាកជួយដល់ប្រទេសផ្សេង ដែលកំពុងប្រឈមនិងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះដូចកម្ពុជាដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥,០០០នាក់ ក្នុងនោះមានស្ត្រី ជាង២០០នាក់ ទៅចូលរួមបេសកកម្ម របស់អង្គការសហប្រជាជាតិ ហើយបច្ចុប្បន្នកម្ពុជា មានកម្លាំងប្រមាណជាង៨០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី៕