លោក​​សុខ​ ទូច​​យល់​ថា​​ជម្លោះ​​ពាណិជ្ជ​កម្ម​​រវាង​​មហា​អំណាច​​ជា​​ឱកាស​ល្អ​​សម្រាប់​​កម្ពុជា​​

03-04-2018 4:18 pm 3632
  ស្តាប់
ស្តាប់ជាសំឡេង

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ថា នេះ​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា ដែល​ប្រទេស​មហាអំណាច​ចំនួន​ពីរ​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម គឺ​ចិន និង​សហរដ្ឋអាមេរិក ខណៈដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រុមមន្ត្រី​ឱ្យ​ត្រៀមខ្លួន​ទប់ទល់ ដើម្បី​បញ្ចៀស​ខ្លួន​ពី​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ (​សេង បារាំង​)

​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​សហការ​ជាមួយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​រៀបចំ​បាឋកថា​ស្ដីពី​គោលនយោបាយ​រដ្ឋបាល​ដូណាល់​ត្រាំ ស្ដីពី​សន្តិសុខ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។​បាឋកថា​នេះ​ធ្វើឡើង​ស្រប​ពេលដែល​ប្រទេស​មហាអំណាច​ចំនួន​ពីរ កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​គឺ​សហរដ្ឋអាមេរិក ជា​នឹង​ប្រទេស​ចិន ដែល​ធ្វើឱ្យ​ប្រទេស​មួយចំនួន​កំពុង​ព្រួយបារម្ភ ក៏ដូចជា​ពិភពលោក​ទាំងមូល​ផងដែរ​។ 

​យ៉ាងណាមិញ​សម្រាប់​ប្រទេស​កម្ពុជា គួរ​ធ្វើ​បែប​ម៉េច​ដើម្បី​ត្រៀមខ្លួន ឬក៏​បញ្ចៀស​ខ្លួន​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក ជាមួយនឹង​ប្រទេស​ចិន នាពេល​បច្ចុប្បន្ននេះ​?

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​បាឋកថា​ស្ដីពី​គោលនយោបាយ​រដ្ឋបាល​ដូណាល់​ត្រាំ ស្ដីពី​សន្តិសុខ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ថា កម្ពុជា​គួរតែ​ត្រៀមខ្លួន និង​រៀបចំខ្លួន​ឱ្យទាន់​សភាព​ការ​នា​ពេលបច្ចុប្បន្ន ហើយក៏​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា ដើម្បី​ទទួលផល នៅពេលដែល​ប្រទេស​មហាអំណាច​ចំនួន​ពីរ​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា គឺ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​..............

​សំឡេង​៖

​ដោយឡែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ក៏បាន​ប្រាប់​ទៅ​ក្រុមមន្ត្រី​ឱ្យ​ត្រៀមខ្លួន​ទប់ទល់ ដើម្បី​បញ្ចៀស​ខ្លួន​ពី​សង្គ្រាម​ពាណិជ្ជកម្ម នាពេល​បច្ចុប្បន្ន​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ផងដែរ ព្រោះ​វា​ធ្វើឲ្យប៉ះពាល់​ដល់​កម្ពុជា​។ ការ​ថ្លែង​របស់លោក​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នៃ​វិទ្យាស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃទី​៣ មេសា ឆ្នាំ​២០១៨​។ លោក​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា នយោបាយ​គាំពារ​និយម និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន បាន​បង្ក​ការព្រួយបារម្ភ​ផងដែរ ដែល​ទាមទារ​ឲ្យមាន​ការតាមដាន​យកចិត្ត​ទុកដាក់​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កំពុងមាន​ជម្លោះ​ពាណិជ្ជ​ជាមួយគ្នា ដោយសារតែ​ប្រទេស​ទាំងពីរ​នេះ បាន​តម្លើង​ពន្ធ​ទៅលើ​ផលិត​នាំចូល​ប្រទេស​រៀលៗ​ខ្លួន​។ សហរដ្ឋអាមេរិក បាន​តម្លើង​ពន្ធ​ទៅលើ​ការនាំ​ចូល​ដែកថែប អាលុយមីញ៉ូម ពី​ប្រទេស​ចិន ចូលទៅ​សហរដ្ឋអាមេរិក និង​លុបចោល​ការវិនិយោគ​របស់​ចិន​ជាដើម​។ ដោយឡែក​ប្រទស​ចិន​វិញ បានប្រកាស​ដាក់​ពន្ធ​ថ្មី លើ​មុខទំនិញ​នាំចូល​ពី​អាមេរិក ចំនួន​១២៨​មុខ មានតម្លៃ​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ មុខទំនិញ​ទាំងនោះ មានដូចជា​ផ្លែឈើ និង​សាច់ជ្រូក​ជាដើម ជាការ​សងសឹក​នឹង​អាមេរិក​ដែល​ប្រកាស​ដាក់​ពន្ធ​លើ​ទំនិញ​របស់​ចិន​។​

​ការកើនឡើង​នូវ​ភាព​តានតឹង រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ កំពុង​ធ្វើឲ្យមាន​ការព្រួយបារម្ភ ពី​សង្គ្រាម​ពាណិជ្ជកម្ម​កើតឡើង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត