គ្រឿង​សំអាង​ក្លែងក្លាយ​ជាង​៦០​តោន​ត្រូវដុតកម្ទេច​នៅទីលាន​ចាក់សំរាម​

03-04-2018 3:43 pm 1631
  ស្តាប់
កម្ទេចចោល​គ្រឿងសំអាង​ជាង​៦០​តោន នៅ​ថ្ងៃទី​០៣ ខែមេសា​ ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៅ​ថ្ងៃទី​០៣ ខែមេសា​នេះ បាន​កម្ទេចចោល​គ្រឿងសំអាង​ជាង​៦០​តោន ដែល​សមត្ថកិច្ច​ថា ជា​របស់​ក្លែងក្លាយ​និង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ ការ​កិន​កម្ទេចចោល​នូវ​គ្រឿងសំអាង​ក្លែងក្លាយ​ទាំងអស់នេះ ធ្វើឡើង​នៅ​ទីលាន​ចាក់សំរាម ជើងឯក ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ 

​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ជាង​៦០​តោន​ដែល​កម្ទេច​នាពេលនេះ ខាង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា ខណៈ​គ្រឿងសំអាង​ក្លែងក្លាយ​ដូចគ្នានេះ​ជាង​៨០​តោន ត្រូវបាន​ក្រសួងមហាផ្ទៃ​ដុតចោល​កាលពីដើម​ខែតុលា​ឆ្នាំ​២០១៧​កន្លងទៅ​។​

​គ្រឿងសំអាង​ក្លែងក្លាយ​ជាង​៦០​តោន​នេះ អាជ្ញាធរ​រឹបអូស​បាន​ពី​ជនល្មើស​ចំនួន​០៣ ទីតាំង គឺ​ក្នុង​រាជធានី​ភ្នំពេញ ០១ ទីតាំង និង​ខេត្តកណ្តាល ចំនួន ០២ ទីតាំង កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​កន្លងមក និង​អនុវត្តតាម​ការបង្គាប់​របស់​តុលាការ​។​

​បើតាម​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ អះអាងថា ផលិតផល​ក្លែងក្លាយ ដែល​យកមក​ដុតចោល​ទាំងនោះ​រួមមាន​៖​ថ្នាំលាប​សក់ ថ្នាំ​អប់​សក់ សាប៊ូ​លាងមុខ សាប៊ូកក់សក់ ម្សៅ​លាបមុខ ឡេ​លាប​ស្បែក ក្រេម​លាប​មាត់ ស្ប្រៃយ៍​បាញ់​សក់ ទឹកអប់​សរុប​ចំនួន ៦០ តោន​។​ផលិតផល​ទាំងនេះ​វា​អាច​បង្ក​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​ដូចជា​៖​កើត​ជំងឺមហារីក​ស្បែក និង​ខូច​អវៈយវៈ​ខាងក្នុង​រាង្គ​កាយមនុស្ស​។​

​លោកមៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅថ្ងៃនេះ​ថា ផលិតផល​ទាំងនេះ​ត្រូវបាន​គេ​ផលិត​នៅ​កម្ពុជា​ហើយ​វេច​ខ្ចប់​ដាក់​កុងតឺន័​រដឹក​ទៅដល់​ច្រកព្រំដែន​រួច​ដឹក​ចូលមក​វិញ​ដើម្បី​បន្លំ​ថា​ជា​ផលិតផល​នាំចូល​ពី​ជប៉ុន​ពី​ជាដើម​។​

សូម​រម្លឹកថា កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ ធ្លាប់បាន​កម្ទិច ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៨១ តោន នៅ​ទីលាន​ចាក់​សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ផលិតផល​ទាំងនោះ​មានដូចជា​៖ ទឹកស៊ីអ៊ីវ ទឹក​សៀង ទឹក​ម្ទេស ទឹក​ខ្មេះ ប្រេង​ខ្យង​… ផលិត កែច្នៃ​គ្មាន​ស្តង់ដារ និង​គ្មាន​អនាម័យ​។​

ក្នុង​ពិធី​កំទេចចោល​ផលិតផល​ក្លែងក្លាយ​នៅថ្ងៃនេះ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ទៅដល់​គ្រប់​ស្ថាប័ន ដែល​ជាប់​ពាក់ព័ន្ធ ត្រូវ​បន្ត​ខិតខំ​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ ឲ្យបាន​ខ្លាំងក្លា​បន្ថែមទៀត​ដើម្បី​ការពា​រសុខ​មា​ភាព របស់​ប្រជាជន ដែល​ប្រើប្រាស់​ផ្ទាល់​៕

ព័ត៌មានផ្សេងទៀត