តាមការបញ្ជាក់ពីលោក ខៀវ សុភ័គ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មានFresh News កាលពីយប់ថ្ងៃទី៣១ មីនា ថា ករណីឃាតកម្មលើស្ត្រីរូបស្រស់នៅក្រុងដូនកែវ ឈ្មោះ ចេវ សុវឌ្ឍនា អាចជាប់ពាក់ព័ន្ធនឹងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។ ប៉ុន្តែយ៉ាងណា នៅរង់ចាំលទ្ធផលពីស្ថាប័នតុលាការសិន។
នៅយប់ថ្ងៃទី៣១ មីនា នេះ អតីតអភិបាលខេត្តតាកែវ លោកឡាយ វណ្ណៈ តាមរយៈបណ្តាញសង្គម Facebook បានសារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុងគេហដ្ឋាននៅក្រុងដូនកែវកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ ប្រាកដមែន។ តែក្រោយមក លោកបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្នា ជាហេតុធ្វើឲ្យអ្នកស្រី ចេវ សុវឌ្ឍនា គិតខ្លីធ្វើអត្តឃាដខ្លួនឯង។ លោកឡាយ វណ្ណៈ បដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបលោក និងបងប្រុសលោក គឺលោកឡាយ ណារិទ្ធ ជាស្នងការរងនគរបាលខេត្តតាកែវ បានសម្លាប់ស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា។
តាមរបាយការណ៍កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មខាងលើ មាន ឈ្មោះ ចាន់ រី ភេទ ស្រី និង ប្តី ឈ្មោះ ជឹម វុធ ជាអ្នកបំរើ នៅផ្ទះ នាងចេវ សុឌ្ឍនា , ឈ្មោះ មេន សម័យ អ្នកបើក ឡានឲ្យ លោកឡាយ វណ្ណៈ និង ឈ្មោះ តាក់ រតនា ជា អ្នកបើក ឡាន ឲ្យ លោក ឡាយ ណារិទ្ធ គឺ របាយការណ៍ បានចោទប្រកាន់ ពីបទ លាក់បាំង បទល្មើស មិនរាយកាណ៍ឲ្យសមត្ថកិច្ច៕