មេដឹកនាំ​កម្ពុជា​-​ឡាវ​-​វៀតណាម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​តំបន់​ត្រីកោណ​

31-03-2018 10:49 am 2531
  ស្តាប់
មេដឹកនាំនៃប្រទេសទាំង៣ ក្នុងជំនួបទទួលទានអាហារពេលព្រឹកនៅថ្ងៃទី៣១ ខែមីនា ។ រូបថតពី fb នាយករដ្ឋមន្រ្តីហ៊ុន សែន ។
ស្តាប់ជាសំឡេង

​មេដឹកនាំ​កម្ពុជា ឡាវ និង​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​រួមគ្នា ចំពោះ​ការអភិវឌ្ឍ​នៅ​តំបន់​ត្រីកោណ ដែល​ជា​តំបន់​មាន​ព្រំប្រទល់​ដែន​ដី​ជាប់​គ្នា និង​បាន​លើក​អំពី​ទំនាក់ទំនង​ប្រពៃណី នៃ​មិត្តភាព សាមគ្គីភាព ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិកា​រទូ​លំ​ទូលាយ ។​

​ការវាយតម្លៃ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​អាហារ​ពេលព្រឹក​ថ្ងៃទី​៣១ ខែ​មីនា រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម​។​

​លើសពីនេះទៅទៀត មេដឹកនាំ​នៃ​ប្រទេស​ទាំង​៣ បានកត់សម្គាល់​យកចិត្ត​ទុកដាក់ លើ​វឌ្ឍនភាព​ដ៏​សំខាន់​ដែល​បាន​ធ្វើឡើង​នៅក្នុង​ការអនុវត្ត​ផែនការមេ ដែល​បាន​កែសម្រួល​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV សម្រាប់​ឆ្នាំ​២០១០-២០២០ ក៏​ដូច​ជា​សកម្មភាព និង​កម្មវិធី​សហប្រតិបត្តិការ នៅតាម​តំបន់​ផ្សេងៗ ក្នុងចំណោម​ប្រទេស​ទាំង​បី ។​

​គូសបញ្ជាក់ថា តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ជា​តំបន់​មាន​ព្រំដែន​ដី​ជាប់​គ្នា​នៃ​ខេត្ត​ចំនួន​១៣ ក្នុង​នោះ​កម្ពុជា​មាន​​ចំនួន​៤ខេត្ត គឺ​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ។ សំរាប់​ប្រទេស​ឡាវ មាន​ចំនួន​៤​ខេត្ត​ដូចគ្នា គឺ​ខេត្ត​អា​តា​ពូ សាឡា​វ៉ាន់ សេកុង និង​ខេត្ត​ចំប៉ា​សាក់ ចំណែក​ឯ​ប្រទេស​វៀតណាម មាន​ចំនួន​៥​ខេត្ត គឺ​ខេត្ត​កុន​ទុម យ៉ា​ឡាយ ដាក់​ឡាក់ ដាក់​ណុង និង​ខេត្ត​ប៊ីង​ភឿក ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត