លោក​​ថោង ខុន​​៖ ​ស្លាក​​យី​ហោ​​នៅ​តាម​​អាជីវ​កម្ម​​ទេសចរណ៍​​ត្រូវ​​សរ​សេរ​​អក្សរ​​ជា​​៣​​ភាសា​​

30-03-2018 10:07 am 3840
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ឱ្យ​ស្លាក​យីហោ​នៅតាម​អាជីវកម្ម​ទេសចរណ៍​នានា ត្រូវ​សរសេរ​អក្សរ​ជា​៣​ភាសា ដោយ​ផ្នែក​ខាងលើ​ត្រូវ​សរសេរ​អក្សរ​ខ្មែរ ហើយ​ទំហំ​ធំជាងគេ​, ផ្នែក​កណ្ដាល​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស ហើយ​ទំហំ​ត្រឹម​ពាក់​កណ្ដល​អក្សរ​ខ្មែរ និង​ផ្នែក​ខាងក្រោម​ត្រូវ​សរសេរ​ជា​ភាសា​ទី​៣ តាម​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម​។ (​សេង បារាំង​)

​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ទេសចរណ៍​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រសួង​ទេសចរណ៍ នា​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​អំពី​ផែនការ​ការងារ​ទេសច​រណ៍ ដើម្បី​ត្រៀម​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​ត្រូវ​ជំរុញ​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា​បញ្ឈប់​ការបោះ​សំរាម​ក្រោម​តុ​នៅតាម​ភោជនីយដ្ឋាន​ត្រូវដាក់​តម្លៃ​សេវា​ឲ្យបាន​សមរម្យ​មាន​អនាម័យ​ខ្ពស់ និង​ផ្តល់​បដិសណ្ឋារកិច្ច​ល្អ បំពេញតម្រូវការ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍​រូបនេះ ក៏បាន​ណែនាំ​ឱ្យ​ស្លាក​យីហោ​នៅតាម​អាជីវកម្ម​ទេសចរណ៍​នានា ត្រូវ​សរសេរ​អក្សរ​ជា​៣​ភាសា ដោយ​ផ្នែក​ខាងលើ​ត្រូវ​សរសេរ​អក្សរ​ខ្មែរ ហើយ​ទំហំ​ធំជាងគេ​, ផ្នែក​កណ្ដាល​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស​ទំហំ​ត្រឹម​ពាក់​កណ្ដល​អក្សរ​ខ្មែរ និង​ផ្នែក​ខាងក្រោម​ត្រូវ​សរសេរ​ជា​ភាសា​ទី​៣​តាម​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម អាចជា​អក្សរ​ចិន ជប៉ុន កូរ៉េ ជាដើម​។​ល​។ 

​លោក ថោង ខុន បានស្នើ​ដល់​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន គប្បី​ផ្លាស់ប្ដូរ​ព្រះ​ភូមិ​ដែល​មិនមែន​រចនាបថ​បែប​ខ្មែរ មក​ដាក់​ព្រះ​ភូមិ​ជា​រចនាបថ​បែប​ខ្មែរ​វិញ ដោយសារ​ការ​ដាក់តាំង​ព្រះ​ភូមិ ដែល​ជាទី​សក្ការបូជា​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន​ខ្លះ នៅមាន​កំហុសឆ្គង​នៅឡើយ​។ ដោយឡែក​បញ្ហា​ការតុបតែង​រូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​វិញ ត្រូវបាន​លោក ថោង ខុន បញ្ជា​ឱ្យ​ដាក់តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា​ទាំង​៣​ព្រះអង្គ អោយបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ព្រះបរមរាជវាំង​។​

​បើតាម​លោក ថោង ខុន បានឲ្យដឹងថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ១​លាន​នាក់ ក្នុង​កំណើន​ជាង​១១%៕

ព័ត៌មានផ្សេងទៀត