លោក​គីម អះអាង​ចំពោះមុខ​លោក​ស៊ី ពី​បំណង​លុបបំបាត់អាវុធ​នុយក្លេអ៊ែរ​

28-03-2018 12:23 pm 1130
  ស្តាប់
លោកគីម ជុងអ៊ុននៅខាងឆ្វេងលោកស៊ី ជីនពីង
ស្តាប់ជាសំឡេង

​យោងតាម​សារព័ត៌មាន​ចិន​ស៊ីនហួ លោក​គីម ជុងអ៊ុន និង​ភរិយា គឺ​លោកស្រី រី សូល​ជូ​ បាន​ជិះ​រថភ្លើង​ពិសេស ពី​កូរ៉េខាងជើង ទៅដល់​ប៉េកាំង តាំងពី​ថ្ងៃអាទិត្យ​ទី​២៥​មីនា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៤​ថ្ងៃ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ស្ងាត់ៗ ទៅកាន់​ប្រទេស​ចិន លោក​គីម បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សម​មិត្ត​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​។ 

​ក្នុងឱកាសនៃដំណើរទស្សនកិច្ចលើកដំបូង របស់សមមិត្តគីម មកកាន់ទីក្រុងប៉េកាំង លោក​ស៊ី​បានទទួល​ស្វាគមន៍​លោក​គីម ក្នុង​បន្ទប់​ដ៏​ប្រណិត​នៅ​Great Hall​។ នៅក្នុង​ជំនួប​នោះ សម​ភាគី​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​យ៉ាង​ល្អិតល្អន់ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពិភពលោក​និង​ឧបទ្វីប​កូរ៉េ​។ លោក​ស៊ី​និយាយថា ការផ្លាស់ប្តូរ​វិជ្ជមាន​បាន​កើតមានឡើង​នៅលើ​ឧបទ្វីប​កូរ៉េ ចាប់តាំងពី​ឆ្នាំនេះ​ទៅ ហើយ​ចិន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ធ្វើឡើង​ដោយ​កូរ៉េខាងជើង​។ បញ្ហា​ឧបទ្វីប​កូរ៉េ លោក​ស៊ី និយាយថា ចិន​ប្រកាន់យក​គោលដៅ នៃ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។ លោក ថា ចិន​នឹង​បន្ត​ដើរតួនាទី ប្រកបដោយ​ការស្ថាបនា លើ​បញ្ហា​នេះ និង​ធ្វើការ​ជាមួយ​គ្រប់ភាគី​ទាំងអស់​។​

​លោក​គីមវិញ បាន​ប្រាប់​លោក​ស៊ី​ពីបច្ចុប្បន្នភាពនៅឧបទ្វីបកូរ៉េ​ថា កំពុងមានភាព​ល្អប្រសើរឡើងហើយ ខណៈ​កូរ៉េខាងជើង​បានចាប់ផ្តើម​ធ្វើ​ការងារ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​ដាក់ចេញ​នូវ​សំណើ​សម្រាប់​កិច្ចចរចា​សន្តិភាព​។ លោក​ថា នេះ​ជា​ជំហរ​ស្របគ្នា និង​ស្របតាម​ឆន្ទៈ​របស់​អតីត​ប្រធានាធិបតី កូរ៉េខាងជើង​លោក គីម អ៊ី​ល​ស៊ុង និង​លោក​គីម​ជុង អ៊ី​ល ក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​។  លោក​គីម​ថា ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ នៃ​ឧបទ្វីប​កូរ៉េ អាច​ដោះស្រាយបាន ប្រសិនបើ​កូរ៉េខាងត្បូង និង​អាមេរិក​ឆ្លើយតប ចំពោះ​ការខិតខំ​របស់​កូរ៉េខាងជើង ដោយ​ឈរលើ​គោលការណ៍​សន្តិភាព​។ 

​លោក​គីម ក៏បាន​បរិយាយ​ប្រាប់​លោក​ស៊ី ពី​បំណង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក និង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​ទាំងពី​រដែរ​។ ដំណើរការ​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង ដែល​គ្រោង​ធ្វើ​នៅ​ខែ​មេសា និង​ជាមួយ​ប្រធានាធិបតី​អាមេរិក គ្រោង​ធ្វើ​នៅ​ខែឧសភា​ខាងមុខ លោក​គីម មិនមែន​ធ្វើ​ការសម្រេចចិត្ត​តែម្នាក់ឯង​នោះទេ​។ ពោល លោក​នឹង​បង្កើន​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​ចិន ក្នុង​ដំណើរការ​នេះ ក៏ដូចជា​សុំ​យោបល់​ពី​ចិន ក្នុងនាម​មិត្តភាព​ប្រពៃណី​មិនអាច​កាត់ថ្លៃ​បាន​៕ 

ព័ត៌មានផ្សេងទៀត