ចិន​និង​កូរ៉េខាងជើង​បញ្ជាក់ថា ​លោក​គីម ជុង​អ៊ុនបាន​ជិះ​រថភ្លើង​ទៅ​ប៉េកាំង​ពិតមែន​

28-03-2018 9:22 am 1943
លោកគីម ជុងអ៊ុននិងភរិយាឈរនៅខាងឆ្វេងលោកស៊ី ជីនពីងនិងភរិយា

​បន្ទាប់ពី​មាន​មន្ទិលសង្ស័យ​ពេញ​មួយថ្ងៃ ស្តីពី ដំណើរ​ទស្សនកិច្ច​រប​ស់លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង ទៅកាន់​ទីក្រុង​ប៉េកាំង នៅថ្ងៃនេះ ទាំង​សារព័ត៌មាន​ចិន​ស៊ីន​ហួនិង​សារព័ត៌មាន​KCNA​របស់​ទីក្រុង​ព្យុងយ៉ាង បានបញ្ជាក់​ព្រមៗ​គ្នា ​ថា លោក​គីម បានធ្វើដំណើរតាម​រថភ្លើង​ទៅកាន់​ប្រទេស​ចិន​ពិតប្រាកដ​មែន។ លោកគីម មិនមែនទៅតែម្នាក់ឯងនោះទេ លោកក៏បាននាំភរិយាសំណព្វចិត្ត គឺលោកស្រី រី សូលជូទៅជាមួយដែរ​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ស្ងាត់ៗ ទៅកាន់​ប្រទេស​ចិន លោក​គីម បាន​ជួបពិភាក្សា ពី​បញ្ហា​ជាច្រើន ជាមួយ​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​។ សារព័ត៌មាន​រដ្ឋ​កូរ៉េ បានបញ្ជាក់​ពី​ភាពជោគជ័យ នៃ​ជំនួប​ពិភាក្សា​រវាង​លោក​គីម និង​លោក​ស៊ី​កាលពី​ថ្ងៃ​អង្គារ​ផងដែរ​។ នៅ​ក្នុងនោះ ប្រធានាធិបតី​វ័យក្មេង​កូរ៉េខាងជើង បាន​ធានា​អះអាង​នៅ​ចំពោះមុខ លោក​ស៊ី ពី​ការប្តេជ្ញាចិត្ត​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ដែលជា​កម្មវត្ថុ​នាំឲ្យ​មាន​ភាពតាន​តឹងនៅ​ឧបទ្វីប​កូរ៉េ​។​ នេះបើតាមការបញ្ជាក់ ដោយប្រព័ន្ធផ្សព្វផ្សាយចិនស៊ីហួ។

​គួរ​ជម្រាបជូន​ថា​នេះ ជា​លើកទីមួយ​ហើយ​ដែល​លោក​គីម ជុង​អ៊ុន​បាន​ធ្វើដំណើរ​ទៅជួបសម្ព័ន្ធមិត្តនៅទីក្រុង​ប៉េកាំង​ប្រទេស​ចិន ចាប់តាំងពី​ឪពុក លើក​បន្តុ​ប​ឲ្យធ្វើជា​ប្រធានាធិបតី​បន្ត​ពី​លោក កាលពី​ឆ្នាំ​២០១១​។​

ព័ត៌មានផ្សេងទៀត