លោកកឹម សុខា បន្តជាប់​ឃុំដូច​ការស្មានទុករបស់លោក​នាយក​រដ្ឋមន្ត្រី​

27-03-2018 3:22 pm 1715
  ស្តាប់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន(រូបធំ) លោកកឹម សុខា (រូបតូច)។
ស្តាប់ជាសំឡេង

សភាស៊ើបសួរសាលាឧទ្ធរណ៍នៅថ្ងៃទី២៧ ខែមីនានេះ បានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធាន​គណ​បក្ស​សង្រ្គោះ​​ជាតិ​ដដែល​។ ការសម្រេចនេះ ធ្វើឡើងខណៈពេលលោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន សម្តែង​ការជឿ​ជាក់ថា​ តុលាការនឹង​មិនដោះលែ​ង​លោក កឹម សុខា ឱ្យនៅក្រៅឃុំនោះទេ។ ​

ដូចការគ្រោងទុកនៅថ្ងៃនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការលើបណ្តឹងសាទុក្ខរបស់ក្រុមមេធាវី លោក កឹម សុខា ស្តីពីការបន្តឃុំខ្លួនរូបលោក។ សវនាការព្រឹកនេះ ដំណើរឡើងដោយមិនមានវត្តមានលោក កឹម សុខា ចូលរួមនោះទេ ដោយ​គេសង្ស័យ​ថា ដោយ​សារតែលោក​មានបញ្ហា​សុខភាព។​

បើទោះបីជាមិនមានវត្តមានអតីតប្រធានគណបក្សប្រឆាំង ក៏គេពិនិត្យឃើញថា អាជ្ញាធររាជធានីភ្នំពេញ បានដាក់​កម្លាំងជា​ច្រើនរយ​នាក់​ ដើម្បីសន្តិសុខសណ្តាប់ធ្លាក់ក្រៅបរិវេណសាលាឧទ្ធរណ៍ ដោយមានការដាក់ពង្រាយរបាំងបិទផ្លូវ មិនឲ្យមានការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួន។

រីឯអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ អតីតតំណាងរាស្ត្របក្សនេះ និង អង្គការ​សង្គម​ស៊ីវិល ​ដែលមាន​វត្តមាននៅ​ខាងក្រៅ​បរិវេណសាលាឧទ្ធរណ៍ ក៏ត្រូវបានអាជ្ញាធរ ឈរឃ្លាំមើលយ៉ាង​តឹងរឹង ខ្លាំច​មាន​សកម្មភាព​ប្រឆាំងណាមួយកើនឡើង ក្នុងពេលកំពុងសវនាការ។

ក្រោយបញ្ចប់សវនាការរយៈពេល២ម៉ោង សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិដដែល។ មេធាវីការពារក្តីលោក កឹម សុខា បញ្ជាក់ថា នៅក្នុងដីកាសម្រេចបន្តឃុំខ្លួននេះ មិនមានបញ្ជាក់ថានឹងបន្តឃុំខ្លួនលោកកឹម សុខា រយៈពេលប៉ុន្មានខែទៀតនោះទេ។ ហើយក្រុមមេធាវីបានចាត់ទុក ការសួរដេញដោល ដែលមិនមានការចូលរួមពីលោក កឹម សុខា​ពេលនេះ មិនមាន​លក្ខណៈ​ទូលំទូលាយ​ក្នុងការផ្តល់​យុត្តិធម៌​ដល់​កូនក្តីរបស់​ពួក​គេទេ។

ការបន្តឃុំខ្លួនលោកកឹម សុខាពេលនេះ ធ្វើឡើងស្របពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះថ្ងៃទី២៧ ខែមីនា លោកអះអាងថា មិនជឿថា សាលាឧទ្ធរណ៍ ដោះលែង លោក កឹម សុខា (អាមេចោរក្បត់ជាតិ) ឱ្យធានានៅក្រៅឃុំនោះទេ។ តែយ៉ាងណា លោកពន្យល់ថា លោកនឹងគោរពការសម្រេចចិត្ត របស់តុលាការ ព្រោះវាជាកិច្ចការស្ថិតនៅក្នុងដៃតុលាការ។

សូមបញ្ជាក់ដែរថា គិតមកទល់នឹងថ្ងៃទី២៧មីនា នេះ គឺមានរយៈពេលជាង៦ខែមកហើយ ដែលលោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ឬ “សន្និដ្ឋិភាពជាមួយរដ្ឋបរទេស” តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌកម្ពុជា៕ 

ព័ត៌មានផ្សេងទៀត