លោក​គីម ជុង​អ៊ុន​ធ្វើដំណើរ​តាម​រថភ្លើងទៅ​ប្រទេស​ចិន​ស្ងាត់ៗ?

27-03-2018 10:30 am 1531
  ស្តាប់
លោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើង
ស្តាប់ជាសំឡេង

​មានការ​លើកឡើងថា លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង ពេលនេះ​កំពុង​ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរឲ្យភ្ញាក់ផ្អើល​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន បាន​រាយការណ៍​ថា​មាន​ក្បួន​រថភ្លើង​ពិសេស​របស់​កូរ៉េខាងជើង​មួយ បាន​ធ្វើដំណើរ​មក​ចត  នៅ​ស្ថានីយ៍​រថភ្លើង​ចិន​ស្ថិតនៅក្នុង​ក្រុង Dandong​ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ​ចន្ទ អមដោយ​អ្នកយាម និង​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាង​ចម្លែក​។ 

​ទីភ្នាក់ងារ​ព័ត៌មាន​ខ្យូ​ដូ​របស់​ប្រទេស​ជប៉ុន បានលើកឡើង​ពី​ប្រភព​មិន​ច្បាស់លាស់​មួយ ថា មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​មួយរូប បាន​មកដល់​រដ្ឋធានី​ប្រទេស​ចិន​កាលពី​រសៀល​ថ្ងៃ​ចន្ទ​។ ជាមួយគ្នានេះ បើតាម​ប្រភពពី​អ្នកគ្រប់គ្រង​ហាង​មួយ នៅ​ខាងក្រៅ​ស្ថានីយ៍ និយាយថា ស្ថានីយ៍​រថភ្លើង​ក្រុង​ប៉េកាំង មាន​ការរៀបចំ​សណ្តាប់ធ្នាប់ និង​មាន​វត្តមាន​របស់​ប៉ូលិស​យ៉ាងច្រើន នៅ​អំឡុងពេល​រសៀល​ថ្ងៃ​ចន្ទ​។​

​ចំណែកឯ​ស្ថានភាព​នៅ​ផ្ទះសំណាក់ Diaoyutai ជា​កន្លែង​ដែល​លោក​គីម ជុងអ៊ីល ឪពុក​របស់លោក​គីម ជុង​អ៊ុន ស្នាក់នៅ ពេល​ធ្វើដំណើរ​មក​ទីក្រុង​ប៉េកាំង គេ​សង្កេតឃើញ​មាន វត្តមាន​ប៉ូលិស​ច្រើន​ខុស​សព្វមួយដង ជាមួយ​មន្ត្រី​ឈរជើង​ចម្ងាយ​ប្រមាណ​៥០ ទៅ​១០០​ម៉ែត្រ​ពីមុខ​បរិវេណ​អគារ​។ អ្នក​ថតរូប​ម្នាក់​របស់​សារព័ត៌មាន​AFP​ថា បានឃើញ​ក្បួន​រថយន្ត អមដំណើរ​រថយន្ត​ម៉ាក limousines ចាកចេញ​ពី​ផ្ទះសំណាក់ ស្ថិតក្រោម​ការ​ហែ​ហម​បន្ថែម ដោយ​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ផងដែរ​។​

​បើ​ប្រៀបធៀប​នឹង​បែបបទ​នៃ​ទស្សនកិច្ច​មួយ​នេះ បាន​រៀបចំឡើង​មិន​ខុសពី​ដំណើរ​ទស្សនកិច្ច មក​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១១ របស់លោក​គីម ជុងអ៊ីល​ឡើយ​។ គេ​នៅ​ចាំបាន​ថា ទស្សនកិច្ច​របស់លោក​គីម ជុងអ៊ីល​កាលនោះ ក៏​មិនមាន​ការផ្សព្វផ្សាយ​ឲ្យដឹង​អ្វីដែរ លុះ​គាត់​បញ្ចប់​ទស្សនកិច្ច ទើប​ជូនដំណឹង​តាម​ក្រោយ​។ 

​មាន​ទឡ្ហីករណ៍​សំខាន់ៗ​ផ្សេងទៀត ដែល​គេ​សង្ស័យ​ក្បួន​រថភ្លើង​និង​រថយន្ត ពិតជា​មាន​វត្តមាន​លោក​គីម ជុង​អ៊ុន​នៅ​ក្នុងនោះ​។ កាលពី​ខែ​មុន លោក​ប្រធានាធិបតី​អាមេរិក ដូ​ណាល់ ត្រាំ បានទទួល​ការអញ្ជើញ ដើម្បី​ជួប​លោក​គីម ជុង​អ៊ុន​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ឧសភា​។ មេដឹកនាំ​កំពូលៗ​ដែល​ធ្លាប់តែ​ប្រើ​ពាក្យសម្តី​ខ្លាំងៗ​ដាក់គ្នា ស្ទើរ​ផ្ទុះ​សង្គ្រាមៗ​ម្តង ហើយ​សុខៗ​ស្រាប់តែ​ព្រម​ជួបគ្នា​ងាយៗ ពិតជា​មិន​អាចទៅរួច​ឡើយ ដូច្នេះ​អាចមាន​កិច្ចការ​ជាច្រើន ដែល​ត្រូវធ្វើ​នៅ​ខាងក្រៅ​ឆាក​។ ក្រុមអ្នកវិភាគ និយាយថា មេដឹកនាំ​កូរ៉េខាងជើង​និង​ចិន ដែលជា​សម្ព័ន្ធមិត្ត​សេដ្ឋកិច្ច​មួយគូ​នេះ ទំនងជា​ណាត់​ជួបគ្នា មុន​កិច្ចប្រជុំ​ដ៏​កម្រ រវាង​លោក​ត្រាំ​និង​លោក​គីម មកដល់​នាពេលខាងមុខ​។ 

​ប៉ុន្តែ​អ្នកវិភាគ​ខាង​កូរ៉េខាងត្បូង​វិញ សន្និដ្ឋានថា អ្នក​ដែល​នៅក្នុង​ក្បួន​រថយន្ត​នោះ អាចជា​ប្អូនស្រី​បង្កើត​របស់លោក​គីម ជុង​អ៊ុន​គឺ​លោកស្រី គីម យូ​ជុង ឬ​មន្ត្រី​យោធា​ជាន់ខ្ពស់​លោក Choe Ryong-hae ក៏​ថា​បាន​។ មន្ត្រី​កូរ៉េខាងត្បូង មិន​ហ៊ាន​សន្និដ្ឋានថា​នរណា​ជា​អ្នក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន​នៅឡើយ​ទេ និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បន្ថែម​ទៀត​។​

ប្រសិនបើ​លោក​គីម ពិតជា​មក​ទស្សនកិច្ច​ក្នុងប្រទេស​ចិន​មែន ពិតជា​រឿង​មួយ​ភ្ញាក់ផ្អើល​ណាស់ ហើយ​វា​នឹង​ក្លាយជា​ទស្សនកិច្ច​លើកដំបូង​មកកាន់​ទីក្រុង​ប៉េកាំង របស់លោក​គីម ជុង​អ៊ុន​ចាប់តាំងពី​ឡើងកាន់តំណែង​ឆ្នាំ​២០១១​មក​។​

​យ៉ាងណា មន្ទិលសង្ស័យ​នេះ មិនទាន់មាន​ការអត្ថាធិប្បាយ​បែបណា ពី​មន្ត្រី​ចិន​និង​កូរ៉េខាងជើង​នៅឡើយ​ទេ និង​សូម្បីតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទាំងពីរ ក៏​មិនបាន​ចេញផ្សាយ​ពី​រឿង​នេះដែរ​៕

 ពាក្យគន្លឹះ  លោកគីមជុងអ៊ុន

ព័ត៌មានផ្សេងទៀត