សិល្បករ​៨០​ប្រទេស​បង្ហាញ​ទឹកដៃរូមគ្នា​ក្នុងទិវា​ចម្លាក់ឈើ​នៅកម្ពុជា​ក្នុងន័យការពារ​ព្រៃឈើ ​

26-03-2018 10:32 am 1726
  ស្តាប់
សកម្មភាពឆ្លាក់ឈើរបស់សិល្បករបរទេស ក្នុងទិវាចម្លាក់ឈើពិភពលោកឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

សិល្បករ ស្ថាបត្យករ ជាងចម្លាក់ល្បីៗ ប្រមាណ៨០ប្រទេស និង អ្នកចូលរួមអន្តរជាតិប្រមាណជាង២០ប្រទេសផ្សេងទៀត បានមកបង្ហាញស្នាដៃរបស់ខ្លួន ក្នុងទិវាចម្លាក់ឈើពិភពលោកស្តីពី« ជីវិត»នៅក្នុងប្រទេស​កម្ពុជា​។ សកម្មភាពនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការអប់រំ ការផ្សព្វផ្សាយ លើកកម្ពស់ ការស្រលាញ់ដើមឈើ និង ការការពាបរិស្ថាន។ 

«ទស្សនវិជ្ជា ជីវិត លើសិល្បៈចម្លាក់ឈើ» គឺជាទ្រឹស្តីមួយត្រូវបានលើកឡើង ក្នុងទិវាចម្លាក់ឈើពិភពលោក ឆ្នាំ២០១៨ (2018 World Wood Day) ដែលប្រារព្ធនៅប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប។ កម្មពិធីនេះ មានការចូលរួមពី វីរៈសិល្បករ ស្ថាបត្យករ ជាងចម្លាក់ល្បីៗ មកពីប្រទេសប្រមាណ៨០ និង អ្នកចូលរួមអន្តរជាតិប្រមាណជាង២០ប្រទេសផ្សេងទៀត ដោយមិនគិតពីពណ៌សម្បុរ ជាតិសាសន៍។

ការមកជួបជុំរបស់សិល្បករជាតិ និង អន្តរជាតិពេលនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការអប់រំ ការផ្សព្វផ្សាយ លើកកម្ពស់ការស្រលាញ់ដើមឈើ លើកកម្ពស់មេត្រីភាពបរិស្ថាន ជីវវត្ថុ និងការបណ្តុះស្មារតីរបស់មនុស្សពីជំនាន់មួយទៅជំនាន់ ឱ្យចេះស្រលាញ់ព្រៃឈើ រួមទាំងការផ្សារភ្ជាប់ទៅនឹងគំនិតច្នៃប្រឌិតរបស់មនុស្សសជាតិមកពីគ្រប់ទិសទី តាមរយៈចម្លាក់ឈើ ឆ្លាក់ទៅជារូប មនុស្សដែលប្រកបដោយស្នាមញញឹមបានគ្រប់ពេល ក្នុងន័យឱ្យមនុស្សចេះប្រើប្រាស់ឈើ ដើម្បីកែច្នៃធម្មជាតិមកវប្បធម៌ សម្រាប់អ្នកជំនាន់ក្រោយ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ក្នុងទិវានេះថា ឈើអាចកែច្នៃបាននូវអ្វីៗតាមរយៈទឹកដៃរបស់ជាងចម្លាក់ តាមអ្វីដែលចង់បាន ហើយឈើជាជម្រករស់នៅរបស់សត្វទាំងឡាយ។ លោកបានវាយតម្លៃការរៀបចំ ទិវាចម្លាក់ឈើពិភពលោកស្តីពី« ជីវិត»នៅពេលនេះបង្ហាញថា «កម្ពុជាស្រឡាញ់ឈើ កម្ពុជាស្រឡាញ់បរិស្ថាន។

បើតាមលោកសុខ ទូច បានសង្កត់ធ្ងន់ថា កម្ពុជាមិនបានបំផ្លាញបរិស្ថាន ដូចប្រទេស មហាអំណាច ដែលមានឧស្សាហកម្មធំៗនោះទេ គឺផ្ទុយទៅវិញ កម្ពុជាមានតែឧស្សាហកម្មគ្មានផ្សែងប៉ុណ្ណោះ គឺវិស័យទេសចរណ៏ ផ្ទុយពីមតិមួយចំនួន បានបន្ទុះបង្អាប់កម្ពុជា នៅលើឆាកអន្តរជាតិ ពីការបំផ្លាញបរិស្ថាន ព្រៃឈើ។

គួរបញ្ជាក់ថា ទិវាចម្លាក់ឈើពិភពលោក រៀបចំឡើងមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ដោយមានការ ចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិដែលជាសិល្បករ ស្ថាបត្យករ ជាងចម្លាក់ អ្នកតន្ត្រី និងអ្នកស្រាវជ្រាវ ប្រមាណ ជាង៥៥០នាក់ ក្នុងបណ្តាប្រទេសចំនួនជាង១០០ផងដែរ៕ 

ព័ត៌មានផ្សេងទៀត