គ្រោះ​​ថ្នាក់​​​ចរាចរណ៍​​​៖​​អ្នក​​ស្លាប់​​​ដោយ​​សារ​​​អត់​​​ពាក់​​​មួក​​សុវត្ថិ​ភាព​​​មាន​​​៨០​​%​​

19-03-2018 12:25 pm 1663
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​អត់​ពាក់​មួកសុវត្ថិភាព​ពេល​ជិះ​ម៉ូតូ​មាន​៨០% ហើយ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ខាតបង់​ថវិកាជាតិ​ក្នុង​មួយឆ្នាំៗ ៣​រយ​លាន​ដុល្លារ​អាមេរិក​។

​ថ្លែងប្រាប់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋនៅក្នុង​ពិធី​ប្រកាស​ផ្តើម​អនុវត្ត​យុទ្ធ​ការ "​សុវត្ថិភាព​ចរាចរណ៍​ផ្តើមចេញពី​ខ្លួន​អ្នក​"​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ក្នុង​មួយឆ្នាំៗ​កម្ពុជា បាន​ខាតបង់​ថវិកាជាតិ ៣​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក្នុងនោះ​អ្នកស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​អត់​ពាក់​មួកសុវត្ថិភាព​ពេល​ជិះ​ម៉ូតូ​មាន​៨០%.............

​សំឡេង​៖

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​យុទ្ធ​ការ ដែល​ពាក្យស្លោក​ថា «​សុវត្ថិភាព​ចរាចរណ៍​ផ្តើមចេញពី​ខ្លួន​អ្នក​" នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ក្នុងនោះ​លោក ស៊ុន ចាន់ថុល ក៏បាន​សំណូមពរ និង​អំ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ហើយ​លោក​សង្កត់ធ្ងន់ថា នៅពេលដែល​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ចាប់​ផាកពិន័យ កុំ​បន្ទោស​សមត្ថកិច្ច​ឱ្យសោះ ពីព្រោះ​យើង​មិន​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ខ្លួនឯង​។ 

​ទាក់ទង​ទៅនឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅ​ថ្មីៗ​នេះ ក៏​បានលើកឡើង​ដែរថា អ្នកស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាង​កាលពី​សម័យ​សង្គ្រាម​ទៅទៀត ដោយ​លោក​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យបាន​តឹងរឹង​ផងដែរ​។​

​សូមបញ្ជាក់ថា បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឱ្យដឹងថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ការកើនឡើង​បើទោះបី​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការធ្លាក់ចុះ​យ៉ាងណាក៏ដោយ​៕

ព័ត៌មានផ្សេងទៀត