លោក​ស៊ុន ចាន់ថុល៖កំណើន​យានយន្ត ធ្វើឲ្យ​កកស្ទះ​ចរាចរណ៍និង​គ្រោះថ្នាក់​ចរាចរណ៍កើនឡើង​

19-03-2018 12:23 pm 2731
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែងថា ប្រទេស​កម្ពុជា មាន​ការរីកចម្រើន ដោយសារ​មាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ បាន​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ មានលទ្ធភាព​ទិញ​មធ្យោបាយ​ធ្វើដំណើរ ទៅតាម​តម្រូវការ​របស់ខ្លួន​។ កំណើន​ប្រជាជន និង​ការកើនឡើង​នៃ​ចំនួន​ម៉ូតូ​ប្រហែល​៤០​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ និង​រថយន្ត​កើនឡើង​ប្រហាក់ប្រហែល ពី​៦​ម៉ឺន​ទៅ​៧​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ ជា​មូលហេតុ​ធ្វើឲ្យមាន​ការកក​ស្ទះចរាចរណ៍​កើតឡើង ជាពិសេស​នៅក្នុង​ទី​ក្រុងភ្នំពេញ​។​

​យ៉ាងណាក៏ដោយ កំណើន​យានយន្ត​នេះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង ការកើតឡើង​បន្ថែម នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។ នេះ​បើតាម​ការលើកឡើង​ ពី​លោក​ស៊ុន ចាន់ថុល​ នៅក្នុងឱកាសអញ្ជើញចូលរួម ពិធីប្រកាស អនុវត្តយុទ្ធនាការ « សុវត្ថិភាពចរាចរណ៍ ផ្តើមចេញពីខ្លួនអ្នក » នៅខេត្តសៀមរាបនាថ្ងៃទី១៩ខែមីនានេះ។ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រូបនេះ សន្និដ្ឋានថា ក្នុង​មួយថ្ងៃៗ​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​៥​នាក់ និង​របួស​១៥​នាក់​។ បច្ចុប្បន្ន ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​មាន​ចំនួន​៧៧ភាគរយ ហើយ​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​៨០ភាគរយ មិន​ពាក់​មួកសុវត្ថិភាព​។ 

​ទន្ទឹមនឹង​សេដ្ឋកិច្ច​មានការ​កើនឡើង​ក្នុង​រង្វង់​​៧ភាគរយ​ក្នុង​មួយឆ្នាំ កម្ពុជា​បាន​ខាតបង់​ថវិកា​ជាតិប្រមាណ​៣០០​លាន​ដុល្លា​រអាមេ​រិក​ក្នុង​មួយឆ្នាំផង​ដែរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​ការខាតបង់​ថវិកាជាតិ និង​ការពារ​អាយុជីវិត​ដ៏​មានតម្លៃ​របស់ខ្លួន លោក​ស៊ុន ចាន់ថុល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់គ្នា ត្រូវ​ពាក់​មួកសុវត្ថិភាព​មាន​ស្តង់ដា​ត្រឹមត្រូវ ពេល​ធ្វើដំណើរ​។ លោក​បាន​ប្រាប់​ពលរដ្ឋ កុំ​ខឹង នៅពេល​ប៉ូលិស​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមរយៈ​ការឃាត់​ម៉ូតូ និង​រថយន្ត ដែល​បើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍​។ 

​ជាមួយគ្នានេះ ដើម្បី​ឆ្លើយតប​នឹង​ចរាចណ៍​ដ៏​មមាញឹក រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ខ្នះខ្នែង​បន្ត​ស្ថាបនា​ស្ពាន​អាកាស​បន្ថែម​នៅក្នុង​ទី​ក្រុងភ្នំពេញ​។ គេ​សង្កេតឃើញថា បន្ទាប់ពី​ស្ពាន​អា​ស​៧ ​មករា ស្ពាន​អាកាសស្ទឹងមានជ័យ ស្ពានអាកាស​៥ មករា និង​ស្ពាន​អាកាស​ក្បាលថ្នល់ គឺ​ស្ពាន​អាកាស​នៅ​ស្តុប​ផ្សារ​ដី​ហុយ​មួយទៀត គ្រោង​បញ្ចប់​ការសាងសង់​រួចរាល់ មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ ហើយ រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​អាកាស​បន្ថែម នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​ផងដែរ​។ 

​បន្ថែម​លើ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានរៀបចំ​បង្កើត​មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ទៀ​ត ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ផង និង​ដើម្បី​កាត់បន្ថយ​ការខូចខាត​ផ្លូវគោក ដោយសារ​ការដឹកជញ្ជូន​ធ្ងន់ៗ​ផង​។ បម្រើឲ្យ​ការធ្វើ​ចរាចរណ៍​តាម​ផ្លូវទឹ​ក​នេះ នឹងត្រូវ​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ ពី​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ មាន​ចម្ងាយ​សរុប ២៥​គីឡូម៉ែត្រ និង​ចំណាយពេល​ធ្វើដំណើរ​ប្រមាណ​៣៥​នាទី​។ មធ្យោបាយ​ធ្វើដំណើរ​តាម​ផ្លូវទឹក​ដំបូងបង្អស់​នៅ​កម្ពុជា នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លួវការ នៅមុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​៕


ព័ត៌មានផ្សេងទៀត