លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ប្រាប់ទៅកាន់ អ្នកស្រីប៊ូ រចនា ភរិយាសពលោកកែម ឡី ថាកុំយករូបលោកធ្វើជាសត្រូវ និងកុំយល់ច្រឡំមកលើរូបលោក ពាក់ព័ន្ធនឹងការស្លាប់របស់លោកកែម ឡី។ ប្រមុខរដ្ឋាភិបាល បានអះអាងថា លោក កែម ឡី គឺជាមនុស្សម្នាក់ ដែលលោកគោរព រាល់ទស្សនបណ្ឌិតជុំវិញការវិភាគលើបញ្ហានានាក្នុងសង្គម។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកាជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរ៨០០នាក់ នៅអូស្ត្រាលី នៅថ្ងៃទី១៦ មីនានេះ។
សូមបញ្ជាក់ថា បាតុកម្មប្រឆាំងវត្តមាន លោកហ៊ុន សែន នៅអូស្ត្រាលី ត្រូវបានក្រុមប្រឆាំងអះអាងថា ក៏មានវត្តមានអ្នកស្រីប៊ូ រចនា ចូលរួមផងដែរ បន្ទាប់ពីអ្នកស្រីនិងកូនៗទាំង៥ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីផ្តល់សិទ្ធិជ្រកកោន កាលពីពេលថ្មីៗនេះ៕ ដោយៈសៅ វិសាល