លោកស្រី​រ៉ូ​ណា ស្មី​ត​៖​គួរ​បើកផ្លូវ​ឲ្យ​អ្នកអង្កេតការណ៍​ឯក​រាជ្យ ចូល​តំបន់​មាន​ការបាញ់ប្រហារ​នៅ​ក្រចេះ​

15-03-2018 9:44 am 2005
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី​រ៉ូ​ណា ស្មី​ត​អ្នករាយការណ៍​ពិសេស ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានបង្ហាញ​ការព្រួយបារម្ភ ចំពោះ​ព័ត៌មាន​ដែល​លោកស្រី​ទទួលបាន គឺ​ករណី​បាញ់ប្រហារ ដោយ​កងកម្លាំងប្រដាប់អាវុធ ទៅលើ​អ្នកតា​វ៉ា​ទាក់ទង​នឹង​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូ ក្នុងស្រុក​ស្នួល​ខេត្ត​ក្រចេះ ។ 

​អ្វីដែល​លោកស្រី​បារម្ភ​ខ្លាំង​បំផុត​នោះ គឺ​ករណី​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​សហគម​ន៍​ដែល​ចូលរួម​តវ៉ា ត្រូវបាន​ដុតបំផ្លាញ​។ ជាពិសេស ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ថា មាន​មនុស្ស​តិច​ណាស់​៣​នាក់​រងរបួស ដោយសារ​ការបាញ់​គ្រាប់កាំភ្លើង និង​ការវាយដំ ដែល​ត្រូវបាន​អះអាងថា ប្រព្រឹត្តិ​ដោយ​កម្លាំងចម្រុះ​។ យ៉ាងណា​លោកស្រី រ៉ូ​ណា​ស្មី​ត​មាន​អារម្មណ៍ធូ​ស្រាល​បន្តិច ដែល​ហាក់​មិនមាន​ការរកឃើញ​ណាមួយ អំពី​ករណី​ស្លាប់បាត់​បង់ជីវិត​មនុស្ស​។​

នៅក្នុង​អំពើហិង្សា​បាញ់បោះ លើ​ក្រុមអ្នកតវ៉ា នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ កាលពី​ថ្ងៃទី​៨​ខែ​មីនាឆ្នាំ​២០១៨ ភ្លាមៗ​មាន​ការអះអាង​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធ​រថា មាន​មនុស្ស​ស្លាប់​និង​របួស ប៉ុន្តែ​ក្រោយមក​មាន​ការអះអាង​ជាថ្មី ពី​ប្រភព​ដដែល​ថា ពុំមាន​អ្នកស្លាប់​នោះទេ តែមាន​អ្នករងរបួស​។ ក្រោយ​ហេតុការណ៍​ប៉ុន្មាន​ម៉ោង សាលាខេត្ត​ក្រចេះ​ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ថា​គ្មាន​មនុស្ស​ស្លាប់​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង ពលរដ្ឋ​នោះទេ​។ ការប៉ះទង្គិច​នោះ​មានតែ​មនុស្ស ៩​នាក់ ប៉ុណ្ណោះ​របួស ក្នុងនោះ​៧​នាក់​ជា​សមត្ថកិច្ច​។ អាជ្ញាធរ​បញ្ជាក់ថា ក្នុង​ការប៉ះទង្គិច​នោះ គឺ​ដោយសារ​ពលរដ្ឋ តវ៉ា​បិទ​ផ្លូវជាតិ​លេខ ៧៦ ហើយ​ក្រុម​អាជ្ញាធរ បាន​សម្របសម្រួល តែ​ពលរដ្ឋ​បដិសេធ និង​បាន​ប្រើ​ហិង្សា​លើ​ក្រុម​អាជ្ញាធរ ដោយ​ប្រើ​កាំបិត ចម្ពាម និង​កាំភ្លើង​កែច្នៃ​ជាដើម​។​

​បើទោះជា​មាន​ការបញ្ជាក់​បែបនេះ​ក្តី ប៉ុន្តែ​ក្រុម​ស៊ើបអង្កេត មកពី​អង្គការ​សង្គម​ស៊ីវិល និង​មកពី​ការិយាល័យ OHCHR  នៅតែ​ចង់​ចូល​ទៅកាន់​តំបន់​កើតហេតុ ដើម្បី​ស៊ើបអង្កេត​បន្ថែម ប៉ុន្តែ​ពួកគេ​ទាំងនោះ​មិនត្រូវ​បានអនុញ្ញាត ឲ្យចូល​ទៅ​កាន់តំបន់​កើត​ហិង្សា​នោះឡើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត​បាន​សម្តែង​នូវ​ការសោកស្តាយ ដែល​ក្រុម​ស៊ើបការណ៍​ទាំងនោះ ត្រូវបាន​ហាមឃាត់​មិនឲ្យ​ចូល​ទៅកាន់​តំបន់ផ្ទុះ​ហិង្សា ដើម្បី​បញ្ជាក់ឲ្យ​ច្បាស់លាស់ អំពី​ហេតុការណ៍​ដែល​កើតឡើង​។ យោងតាម​សេចក្តីថ្លែងការណ៍ ស្តីពី ការបញ្ចប់​បេសកកម្ម​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត​បាន​លើ​ឡើង​ថា ដើម្បី​ជា​ប្រយោជន៍​នៃ​ការលើកកម្ពស់ ជំនឿ​ចិត្ត និង​តម្លាភាព លោកស្រី​ជឿជាក់ថា ការអនុញ្ញាតឲ្យ​អ្នកអង្កេតការណ៍​ឯក​រាជ្យ ចូល​ទៅកាន់​តំបន់​កើតហេតុ ជាការ​សំខាន់បំផុត​។

ទាក់ទងនឹងការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត វិទ្យុវាយោ មិនអាចសុំការអត្ថាធិប្បាយបែបណា ពីលោកខៀវ សុភ័គអ្នកនាំពាក្យ ក្រសួងមហាផ្ទៃបាននៅឡើយនៅទេ នៅព្រឹកថ្ងៃទី១៤ខែមីនានេះ៕


​​

ព័ត៌មានផ្សេងទៀត