លោក ស៊ុន ចាន់ថុល ថា​ការដឹក​ជញ្ជូន​តាមផ្លូវ​ទឹក​អាច​បញ្ចៀស​ការ​ស្ទះចរាចរណ៍​

11-03-2018 4:52 pm 1180
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​គ្រោង​នឹង​ដំណើរការ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ពី​ព្រែក​ព្នៅ ទៅ​ភ្នំពេញ និង​តាខ្មៅ នៅ​ថ្ងៃ ០៦ មេសា ខាងមុខ ដោយ​ប្រើប្រាស់​ទូក​ដឹក​អ្នកដំណើរ​ចំនួន ០៤​គ្រឿង មាន​ចំណត​កំពង់ផែ​ចំនួន ០៥​កន្លែង​។ ការដាក់​ឲ្យ​ដំណើរការ​នេះ លោក​ស៊ុន ស៊ុនចាន់ថុល បញ្ជាក់ថា ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​។

​​​​លោក ស៊ុនចាន់ថុល បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ការដឹកជញ្ជូន​អ្នកដំណើរ​ទៅ​មក​តាម​ផ្លូវ​ទឹក​ពី ព្រែក​ព្នៅ ភ្នំពេញ តាខ្មៅ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ខាងមុខនេះ ដែល​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង របស់​កម្ពុជា ដើម្បី​ចូលរួម​ចំណែក កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ តាម​ផ្លូវគោក និង​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកធ្វើដំណើ​រ ចូល​-​ចេញ និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។​

​​តាម​ការបញ្ជាក់​ពី​លោក​ស៊ុន ចាន់ថុល ការដាក់​ដំណើរការ ជា​លើកដំបូង នៅ​ថ្ងៃ​ទី​០៦ មេសា ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​មាន​ទូក​ដឹក​អ្នកដំណើរ ចំនួន ០៤​គ្រឿង ០២​គ្រឿង ជា​ទូក​របស់​ក្រុមហ៊ុន Royal Express អាច​ផ្ទុក​មនុស្ស ៦០​នាក់ ០២​គ្រឿង​ទៀត ជា​ទូក​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់ អាច​ផ្ទុក​បាន ៥៤​នាក់ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព​។ 

​​សូមជំរាប​ថា ចំណត​ផែ​ចំនួន ០៥ នឹង​ត្រូវ​ដាក់ឲ្យ​ដំណើរការ គឺ​ចំណត​ផែ​ព្រែក​ព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ​៕

ព័ត៌មានផ្សេងទៀត