ភរិយា​លោក កែម ឡី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ចូលរួម​ធ្វើ​បាតុកម្ម​

11-03-2018 3:40 pm 8762
  ស្តាប់
​អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី។ រូបភាពថតចេញពីក្លីបវីដេអូ
ស្តាប់ជាសំឡេង

​អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី ដែល​ទើប​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ឯ​ប្រទេស​អូស្ត្រាលី បានប្រកាស​កៀរគ​រព​ល​រដ្ឋ​ខ្មែរ​ដែល​រស់នៅ ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជា​។ ការប្រកាស​បែប​នេះ​ធ្វើឡើង ខណៈ​ដែល​លោកនាយក​រដ្ឋ ហ៊ុន សែន រក្សា​ជំហរ​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែ​មីនា ខាងមុខនេះ​។ 

​ការអំពាវនាវ​របស់​អ្នកស្រី ប៊ូ រចនា ធ្វើឡើង​តាមរយៈ​វីដេអូ​ក្លី​បរយៈពេល​១៧​វិនាទី ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម នា​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៨​។ អ្នកស្រី​បាន​លើកដៃ​សំពះ និង​អញ្ជើញ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ចូលរួម​ជាមួយ​អ្នកស្រី ក្នុងការ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ​។​

​តាម​គម្រោង​ដែល​ផ្សព្វផ្សាយ​នា​ពេលកន្លងមក បាតុកម្ម​នឹងត្រូវ​រៀបចំ​ឡើង​នៅ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរ​ទៅដល់​ប្រទេស​អូស្ត្រាលី និង​នៅ​តាម​កន្លែង​សំខាន់ៗ​មួយចំនួន​ដែល​លោក ហ៊ុន សែន នឹង​ទៅ​ដល់​ផងដែរ​។​

​គម្រោង​ធ្វើ​បាតុកម្ម​នេះ បាន​ក្លាយជា​ប្រធានបទ ឆ្លើយឆ្លង​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ក្រុម​បាតុករ ចាប់តាំងពី​ចុង​ខែ​កុម្ភៈ​។ កន្លងទៅ លោក ហ៊ុន សែន បាន​លើកឡើង​ថា ការធ្វើ​បាតុកម្ម​ប្រឆាំង​រូបលោក ​គឺជា​សិទ្ធិ​របស់​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ប្រសិនបើ​មាន​ការដុត​រូបថត របស់លោក នោះ​លោក​នឹង​មិន​លើកលែងឲ្យ​ជា​ដាច់ខាត​។​

​យ៉ាងណា​ការព្រមាន​បែបនេះ ត្រូវបាន​ក្រុម​បាតុករ​ផ្គើន ដោយ​ការ ដុត​រូប​ទីងមោង​តំណាងឲ្យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោងព្រាត​ទៅ​វិញ​។​

​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែង​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​នេះ​ថា ការរៀ​ចំ​ធ្វើ​បាតុកម្ម​ពី​សំណាក់​ក្រុម​ពលរដ្ឋ​ខាងលើ​នោះ មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់​ការសម្រចចិត្ត​ចូលរួ​ម​កិច្ចប្រជុំ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​នោះឡើយ ដែល​លោក​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​សន្ដិសុខ សុវត្ថិភាព របស់​ថ្នាក់ដឹកនាំ​កម្ពុជា​...

​សំឡេង​លោក សុខ ឥសាន​៖ 

​គួរបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែ​មីនា ឆ្នាំ​២០១៨​ខាងមុខនេះ នឹង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន ទាំង​១០ រួម​នឹង​អូស្ត្រាលី ក៏​ប៉ុន្តែ​មកទល់​ពេល​នេះ​ថ្នាក់ដឹកនាំ​ប្រទេស​ហ្វីលីពីន គឺ​លោក ឌុយ តឺ​ទេ បានប្រកាស រួចហើយ​ថា​លោក​មិន​ចូលរួម​នោះ​ទេ​៕ 

ព័ត៌មានផ្សេងទៀត