ព្រះរាជអាជ្ញា​ចេញ​សេចក្តីថ្លែងការណ៍​ជុំវិញ​ករណី​ជម្លោះ​ហិង្សា​នៅ​ខេត្ត​ក្រចេះ​

10-03-2018 4:45 pm 1846
  ស្តាប់
ស្តាប់ជាសំឡេង

​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា បានចេញ​សេចក្តីថ្លែងការណ៍​ប្រកាសថា ហេតុការណ៍​ផ្ទុះ​ហិង្សា​ដាក់គ្នា​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ មិន​មាន​អ្នកស្លាប់​ទេ ហើយ​ប្រកាស​ឲ្យដឹង​ថា មាន​បុគ្គល​ឈ្មោះ អេង និង​មួយចំនួនទៀត ជា​អ្នក​រៀបចំ​ឲ្យ​និយាយ​បំផ្លើស​ការពិត ប្រាប់​វិទ្យុ​អាស៊ីសេរី​។

​សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ថា ក្រោយ​ពី​ការស៊ើបអង្កេត និង​ស្រាវជ្រាវ ដោយ​ហ្មត់ចត់​រួចមក អាជ្ញា​ធរមាន​សមត្ថកិច្ច ពុំ​បាន​រកឃើញ​មាន​ករណី​បាត់បង់​ជីវិត​មនុស្ស ដូច​ដែល​បណ្តាញ សារព័ត៌មាន​មួយចំនួន​តូច ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​នោះឡើយ​។ ទន្ទឹម​នេះ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ ក៏​បាន​ជួប​ជាមួយ​លោកស្រី ទិន សុភ័ក្ត្រ ឬ ទិន ភ័ក្ត្រ ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដោយ​បាន​រៀបរាប់​អំពី ករណី​មនុស្ស​ស្លាប់​ចំនួន​០៦​នាក់ និង​របួស​ចំនួន​ជាង​៤០​នាក់​ផង​ដែរ​។​

​សេចក្តីថ្លែងការណ៍ បាន​បន្តថា លោកស្រី ទិន សុភ័ក្ត្រ ឬ ទិន ភ័ក្ត្រ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅ​ចំពោះមុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​ថា បទសម្ភាសន៍​ដែល​គាត់​ផ្តល់​ឲ្យ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៨ ថា មាន​មនុស្ស​ស្លាប់​ចំនួន​០៦​នាក់ និង​មាន​របួស​ចំនួន​ជាង​៤០​នាក់ គឺជា​ព័ត៌មាន​មិន​ពិត ព្រោះ​គាត់​ជឿ​តាម​ការ​ញុះញង់​ពី​សំណាក់​ឈ្មោះ អេង និង​បុគ្គល ពាក់ព័ន្ធ​មួយចំនួន​ទៀត ដោយ​បុគ្គល​ទាំងនោះ​សន្យាថា នឹង​ដោះស្រាយ​ដីធ្លី​ជូន​គាត់​។ លោកស្រី ទិន សុភ័ក្ត្រ ឬ ទិន ភ័ក្ត្រ មាន​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​កំហុស​ដែល​ខ្លួន​បាន​និយាយ​ខុស​ពី​ការពិត​ប្រាប់​វិទ្យុ​អាស៊ីសេរី​។​

​លោកស្រី ទិន សុភ័ក្ត្រ ឬ ទិន ភ័ក្ត្រ បានបញ្ជាក់​ថា ចំពោះ​ការសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​គឺ​ឈ្មោះ អេង ជា​អ្នករៀបចំ និង​ជា​អ្នក​អោយ​លេខ​ទូរស័ព្ទ​ទៅ​វិទ្យុ​អាស៊ីសេរី និង​ប្រាប់​ពីអ្វី​ដែល​ត្រូវ​និយាយ​។​

​សេចក្តីថ្លែងការណ៍​បានប្រកាសថា ដើម្បី​ជៀសវាង​ការភ័ន្តច្រឡំ​ដែល​កើតចេញ​ពី​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ជាពិសេស​ក្នុង​បទសម្ភាសន៍​របស់​លោក​ស្រី ទិន សុភ័ក្ត្រ ឬ ទិន ភ័ក្ត្រ ជាមួយ​វិទ្យុ​អាស៊ីសេរី អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ សូម​ផ្តល់​ជូ​នូវ​ឯកសារ​មួយចំនួន ដែល​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អយ្យ​ការ​អម​សាលាដំបូង​ខេត្តក្រចេះ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ជូន​ដល់​អ្នកសារព័ត៌មាន និង​សាធារណជន​ផងដែរ​៕ ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត