ប៉ូលិសបាននិយាយថា តារាសម្ដែងកូរ៉េខាងត្បូងលោក Jo Min-ki ដែលត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃសុក្រទី០៩មីនា បានបន្សល់ទុកកំណត់ត្រាចំនួន៦ទំព័រ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបកូរ៉េខាងត្បូងបានចុះផ្សាយនៅថ្ងៃទី១០មីនានេះថា ប៉ូលិសបានរកឃើញកំណត់ត្រាសរសេរដោយតារាសម្ដែងវ័យ៥២ឆ្នាំរូបនេះ ដែលលោកបានរៀបរាប់ពីជីវិតផ្ទាល់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។
នៅក្នុងកំណត់ត្រាបានឲ្យដឹងថា លោកបានសុំទោសដល់ក្រុមគ្រួសារនិងសិស្សរបស់លោកនៅសាកលវិទ្យាល័យ Cheongju ជាកន្លែងដែលលោកបានបង្រៀនតាំងពីឆ្នាំ២០១០។ ប៉ូលិសមិនបានបង្ហាញខ្លឹមសារទាំងអស់នៅក្នុងកំណត់ត្រានោះទេ។
សូមបញ្ជាក់ថា លោក Jo Min-kiជាតារាសម្ដែងនិងជាគ្រូបង្រៀនមួយរូបផងនោះ ត្រូវបានគេប្រទះឃើញកាលពីរសៀលម៉ោង៤ថ្ងៃទី០៩មីនា នៅក្នុងបន្ទប់ដែលលោកស្នាក់នៅ។ ភ្លាមៗលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែលោកត្រូវបានបញ្ជាក់ថាបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ៕