ក្នុងជំនួបមួយជាមួយលោកអូ ណាក់យ៉ុង(oh Nak-young) អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានស្នើដល់សមភាគីកូរ៉េឲ្យជួយទិញផ្លែស្វាយពីកម្ពុជាឲ្យកាន់តែច្រើន ជាពិសេស ស្នើសុំសមភាគី ពង្រីក ទំហំ ពាណិជ្ជកម្មទ្វេភាគី ឲ្យបាន២ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២០។
ដោយសារតែការវិនិយោគរបស់ កូរ៉េក្នុងឆ្នាំ២០១៧កន្លងទៅ មានទំហំទឹកប្រាក់ ជាង២០០លានដុល្លារអាមេរិក ដូច្នេះ លោកហោ ណាំហុង តំណាងភាគីកម្ពុជា បានស្នើឲ្យអ្នកវិនិយោគកូរ៉េ ខាងត្បូង មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ខាងមុខ កូរ៉េខាងត្បូងគ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះជាមួយគ្នា ដោយភាគីកម្ពុជា សង្ឃឹមថាមានការរីកចម្រើនថែមទៀត រវាងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ក្រៅពីការស្នើឲ្យកូរ៉េខាងត្បូង ជួយបន្ថែមការទិញស្វាយពីកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត កម្ពុជាក៏បានស្នើ ឲ្យមានការហោះហើរត្រង់ពីកូរ៉េមកកម្ពុជា ឲ្យបានពី៧ ឬ៨ ជើងក្នុងមួយថ្ងៃខណៈអ្នកទេសចរកូរ៉េ ដែលចូលមកកម្ពុជាមានចំនួនប្រហាក់ប្រហែល៣៥ម៉ឺននាក់ ក្នុងឆ្នាំ២០១៦។
កន្លងមក ភាគីកម្ពុជា បានសម្តែងនូវការរីករាយ អបអរសាទរ ចំពោះការនាំចេញផ្លែស្វាយកម្ពុជា ទៅកាន់ទីផ្សាររបស់សាធារណរដ្ឋកូរ៉េ ហើយភាគីកូរ៉េ សន្យានឹងបន្តជំរុញការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគ ក្នុងការធ្វើការកែច្នៃ ផលិតផលកសិកម្មឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។
ក្រសួងកសិកម្មកម្ពុជា និងកូរ៉េ ធ្លាប់បានចុះអនុស្សារណៈ (MOU) ជាមួយគ្នាតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ពីការនាំចេញស្វាយ គុណភាពស្ដង់ដារទៅកាន់សាធារណរដ្ឋកូរ៉េ។
បើតាមការបញ្ជាក់ពី ប្រធានសមាគមស្វាយកំពង់ស្ពឺថា កម្ពុជាអាចផលិតផ្លែស្វាយបានរហូតដល់ជាង១លានតោនក្នុង១ឆ្នាំ។កន្លងមក កម្ពុជាបាននាំផ្លែស្វាយ ទៅកាន់ទីផ្សារ ប្រទេសថៃ វៀតណាម និងចិន រួចហើយ។ឯគម្រោងនាំទៅកាន់ទីផ្សារកូរ៉េ សម្រាប់ឆ្នាំ២០១៨នេះគឺមានទំហំប្រមាណ២ម៉ឺនតោនក្នុង១ឆ្នាំ ដែលនេះជាទំហំមួយ នៅតិចតួចនៅឡើយ បើធៀបនឹងស្វាយដែលយើងផលិតបាន។
ប្រភេទស្វាយដែលកម្ពុជា ត្រូវនាំទៅកាន់សាធារណរដ្ឋកូរ៉េ មាន៤ប្រភេទ គឺ ស្វាយកែវរមៀត, ស្វាយ ប៉ម, ស្វាយកែវចិន និងស្វាយខុសរដូវ៕