ជម្លោះ​ដីធ្លី​នៅ​ក្រចេះ​៖ អ្នក​តវ៉ា​ថា​ស្លាប់​៦​នាក់ តែ​អាជ្ញាធរ​ថា​គ្មាន​អ្នក​ស្លាប់​

08-03-2018 10:01 pm 13818
ទិដ្ឋភាពប្រជាពលរដ្ឋតវ៉ា​បញ្ហា​ដីធ្លីនៅ​ភូមិ​១៩៦ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបភាពថតចេញពីវីដេរអូរ លើបណ្ដាញសង្គមហ្វេសប៊ុក

​រហូតមកដល់​ពេលនេះ ព័ត៌មាន​ពី​ការប៉ះទង្គិច​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​អ្នក​តវ៉ា​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ក្រចេះ នៅតែ​មិន​ទាន់​ច្បាស់​លើ​ចំនួន​អ្នក​ស្លាប់​និង​របួស ខណៈ​សារព័ត៌មាន​ក៏​បាន​ផ្សាយ​ខុសៗ​គ្នា ដោយយោង​តាម​ប្រភព​ដែល​ទទួលបាន​រៀងៗ​ខ្លួន​។​

​ការប៉ះទង្គិច​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មីនា​នេះ បន្ទាប់​ពី​ពលរដ្ឋ​ភូមិ​១៩៦ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​បិទផ្លូវ​តវ៉ា រហូត​ដល់​ផ្ទុះ​ហិង្សា ប្រទាំង​ប្រទើស​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ដែល​ក្នុងនោះ​ក៏​មាន​ការផ្ទុះអាវុធ​ផងដែរ​។

​កាសែត​ភ្នំពេញ​បុ​ស្តិ៍ វិទ្យុ​អាស៊ីសេរី និង​សារព័ត៌មាន​VOD បាន​ផ្សាយ​ពី​ព្រឹត្តិការណ៍​នោះ​ថា ពលរដ្ឋ​៦​នាក់​បាន​ស្លាប់ និង​ប្រមាណ​៤០​នាក់​បាន​រងរបួស ប៉ុន្តែ​សារព័ត៌មាន​ហ្វ្រេ​សញូវ បាន​ផ្សាយ​ថា​គ្មាន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ឡើយ​។​

​បើ​យោង​ទៅលើ​ប្រភព ដែល​រាយការណ៍​ថា មាន​អ្នកស្លាប់ គឺជា​ប្រភព​ពី​ពលរដ្ឋ និង​មន្ត្រី​អ្នក​អង្កេត​ការណ៍​សិទ្ធមនុស្ស​អាដហុក​។ យ៉ាងណា​ក៏​ដោយ​ព័ត៌មាន​ចុងក្រោយ បានឲ្យដឹងថា លោក ប៊ី វណ្ណី មន្ត្រី​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ក្រចេះ បាន​បដិសេធ​ចំពោះ​ការដកស្រង់​សំដី​របស់​លោក យក​ទៅ​ចុះ​ផ្សាយ ពី​សំណាក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។ អ្វី​ដែល​លោក​បាន​និយាយប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ គឺ​លោក​គ្រាន់តែ​ទទួលព័ត៍មាន​ពី​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ប៉ុន្តែ​​កាសែត​នេះបាន​ចុះផ្សាយ​ថា លោក​ជា​អ្នក​និយាយ​ថា មាន​អ្នកស្លាប់​ទៅ​វិញ​។​

​ដោយឡែក​សារព័ត៌មាន​ហ្វ្រេ​សញ៉ូវ​វិញ បាន​ផ្សាយ​ថា​គ្មាន​អ្នកស្លាប់ តែ​ទទួលស្គាល់​ថា​មាន​ការផ្ទុះអាវុធ ដោយ​យោង​ទៅ​លើ​ប្រភព​ពី​អាជ្ញាធរ​ដែល​នៅ​ទីនោះ និង​យោង​ទៅលើ​ប្រភព​ពី​លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល​។ លោក គង់ គឹម​នី បានឲ្យដឹង​ថា​គ្មាន​ទេ​អ្នកស្លាប់ តែ​មាន​អ្នករបួស គឺ​ពលរដ្ឋ​២​នាក់ និង​អាជ្ញាធរ​៧​នាក់ ហើយ​មាន​ពលរដ្ឋ​៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​។​

​យ៉ាងណា​ក៏​ដោយ​តាមរយៈ​វីដេអូ ដែល​ផ្សាយ​តាម​បណ្តាញ​សង្គម​ព្រោងព្រាត បាន​បង្ហាញ​ពី​ការប៉ះទង្គិច និង​វីដេអូ​បង្ហាញ​ពី​ពលរដ្ឋ​អ្នក​តវ៉ា បាន​រងរបួស ប៉ុន្តែ​មិន​មាន​ឡើយ​វីដេអូ រឺ​រូបភាព​បង្ហាញ​ថា​មាន​អ្នកស្លាប់​។​

​គួរបញ្ជាក់​ថា  ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាន​ផ្ទុះ​ការតវ៉ា​បិទផ្លូវ​នៅក្នុង​ភូមិ​១៩៦ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​នៅ​រសៀល​ថ្ងៃទី​៨​ខែ​មីនា​នេះ​។ ជម្លោះ​ឈានដល់​ការផ្ទុះ​ហិង្សា​ដោយសារតែ ពលរដ្ឋ​មិន​ព្រម​បើកផ្លូវ និង​បន្ត​ទាមទារ​ដំណោះស្រាយ​៕

វិទ្យុវាយោ នឹងបន្តទាក់ទងប្រភពព័ត៌មានពាក់ព័ន្ធនៅក្នុងហេតុការណ៍នេះ សម្រាប់ព័ត៌មានពិស្តារនៅថ្ងៃស្អែកនេះ។


ព័ត៌មានផ្សេងទៀត