លោក​​កែវ​ ​រ៉េមី​ ​ប្រាប់​​លោក​ស្រី​​ស្មី​ត​​ថា​ ​ច្បាប់​​​ដាក់​ទោស​​អ្នក​​ប្រមាថ​​ព្រះ​មហាក្សត្រ​​គ្មាន​អ្វី​​ចម្លែក​

07-03-2018 4:16 pm 1137
  ស្តាប់
ស្តាប់ជាសំឡេង

​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ស្ដីពី​ការដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ដ៏​ចម្រូងចម្រាស បាន​ក្លាយជា​ប្រធានបទ​ក្ដៅ ដែល​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លើក មក​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ តំណាង​អង្គការសហប្រជាជាតិ​បារម្ភ​ថា ច្បាប់​នេះ​នឹង​អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​។ តែ​យ៉ាងណា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថា​ច្បាប់​នេះ​គ្មានអ្វី​ប្លែក​ពី​ប្រទេស​ដទៃ​ទេ​។ 

ប្រតិកម្ម​តប​ពាក់ព័ន្ធ​នឹង​ការព្រួយបារម្ភ​របស់​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​លោកស្រី​រ៉ូ​ណា​ស្មី​ត​ថា លោក​បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ថា​ច្បាប់​ដែល​កម្ពុជា​បង្កើតឡើង​នេះ គឺ​គ្មានអ្វី​ថ្មី​ខុសគេខុសឯង​នោះទេ​។ ចំពោះ​ការប្រមាថ​ព្រះមហាក្សត្រ លោក​អះអាងថា ប្រទេស​គេ​មាន​ការដាក់ទោស​ធ្ងន់ធ្ងរ ដូច្នេះ​ការធ្វើ​វិសោធនកម្ម​នេះ​មិនមាន​អ្វី​ចម្លែក​នោះទេ​។​

​លោក​កែវ រ៉េមី​៖

​ដោយឡែក​លោកស្រី​រ៉ូ​ណា​ស្មី​ត​វិញ​លើកឡើងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​វិសោធនកម្ម​ច្បាប់​ណាមួយ​នោះ គួរ​ត្រូវបាន​វិភាគ​ដោយ​ប្រុងប្រយ័ត្ន និង​ពិគ្រោះ​យោបល់​ពេញលេញ ដើម្បី​ធានាថា ស្របទៅតាម​បទដ្ឋាន​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្ដរជាតិ មុនពេល​ដែល​ច្បាប់​នោះ ត្រូវ​បានអនុម័ត​។ លោកស្រី​ថា នេះ​ជា​អ្វី ដែល​លោកស្រី​និយាយ​ជាមួយ​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ រួម​និង​អង្គការ ស្ថាប័ន​ផ្សេងទៀត​របស់​រដ្ឋសភា កាលពីមុន​ផងដែរ​។​

សូមជម្រាបថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត បានចាប់ផ្ដើម​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​១៤ ខែ​មីនា ដើម្បី​ធ្វើ​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ ដាក់ជូនទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខ​។ ទស្សនកិច្ច​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត​ធ្វើឡើង​ចំពេល​កម្ពុជា​កំពុង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ស្ដីពី​ការដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​៕

ព័ត៌មានផ្សេងទៀត