បក្ស​សំបុក​ឃ្មុំ នឹងធ្វើ​សមាជ​​ពិភាក្សា​​ពី​ការ​ចូល​ធ្វើ​នយោបាយ​​របស់លោក​ម៉ម សូណង់ដូ​​

05-03-2018 4:38 pm 3513
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនយោបាយ​ចាស់វស្សា ដែល​ប្រឡូក​នយោបាយ ជាច្រើន​ឆ្នាំ តែ​មិនសូវ​កាក់កប លោក​ម៉ម សូណង់ដូ បានសម្រេច​វិលត្រឡប់​ចូលធ្វើ​នយោបាយ ជាមួយ​ទ្រនំ​ចាស់​របស់លោក​វិញ គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បន្ទាប់​លោក​លាឈប់​ពី​តួនាទី​ជា​ប្រធាន​គណបក្ស​នេះ ជិត​៧​ខែ ក្រោយពី​បរាជ័យ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ខែកក្កដា ឆ្នាំ​២០១៧​កន្លងមក​។​

​តាម​ការបញ្ជាក់​របស់​លោក ម៉ម សូណង់ដូ ឲ្យដឹងថា​នៅ​ថ្ងៃទី​១១ មីនា ខាងមុខ គណបក្ស​សំបុក​ឃ្មុំ​នឹងធ្វើ​សមាជ​វិសាមញ្ញ​មួយ ដើម្បី​ពិភាក្សា​ពី​ការ​ចូលមក​ធ្វើ​នយោបាយ​របស់លោក​ឡើង​វិញ​។ លោក​និយាយថា ការវិលត្រឡប់​របស់​លោក​នៅពេលនេះ គឺ​ដើម្បី​បន្ត​ជ្រោង​ទង់​ប្រជាធិបតេយ្យ បន្ត​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ ហើយនឹង​នាំមក​នូវ​ទម្រង់​នយោបាយ​ប្រឆាំង​ថ្មី  ដែល​ខុសពី​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់ធ្វើ​។ នេះ បើតាម​ការបញ្ជាក់​រប​ស់លោក​ប្រាប់​ដល់​វិទ្យុ​វាយោ​កាលពី​ម្សិលមិញ​។ លោក​ថែមទាំង​បាន​បន្ទោស អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ដោយសារ​នយោបាយ​លាប​ពណ៌ ប្រឆាំង​ផ្កាប់មុខ​...​ទើបបានជា​គណបក្ស​នេះ ត្រូវ​រលាយ ហើយ​លោក នឹងមិន​ដើរ​តាម​គន្លង​នេះ​ទៀត​ទេ​។​

​ជា​ច្រើនលើកច្រើនសា​មក​ហើយ ដែល​លោក​ម៉ម សូណង់ដូ ប្រកាស លាឈប់​ពី​សង្វៀន​នយោបាយ តែ​ក្រោយមក លោក​ថា​ក្នុងស្ថានភាព​ពេលនេះ លោក​មិនអាច​ដកខ្លួន​ពី​នយោបាយ​បានទេ​។ គាប់​ជួន​ចុងក្រោយ​នេះ ដោយ​មើលឃើញាថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​អវត្តមាន ពី​សង្វៀន​នយោបាយ ធ្វើឲ្យ​លោក​ម៉ម សូ​ណង​ង់​ដូ នៅ​មិន​សុខ ក៏​ប្រកាស​ចូលមក​ដឹកនាំ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួតប្រជែង បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។​

​គួរ​បញ្ជាកដែរថា លោក​ត្រូវបាន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​បី​លើក​ហើយ  ឲ្យចូល​មកកាន់​តុលាការ ដើម្បី​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​នៅក្នុង​សំណុំរឿង​លោក​កឹម សុខា ដែល​រដ្ឋាភិបាល ចោទថា ក្បត់ជាតិ​។ ប៉ុន្តែ លោក​ម៉ម សូណង់ដូ មិនបាន​ចូល​បំភ្លឺ​ឡើយ ព្រោះ ខ្លាច​ជាប់ពន្ធនាគារ​។​

​លោក​ម៉ម សូណង់ដូ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកនយោបាយ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់ តាមរយៈ​ការផ្សាយ​សំឡេង​របស់​វិទ្យុ​សំបុក​ឃ្មុំ ការធ្វើ​បទសម្ភាសន៍​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម ជាពិសេស តាមរយៈ​កំណាព្យ​របស់លោក​ដែលមាន​ចំណងជើង​ថា “​តើ​ខ្ញុំ​អាចរ​ស់បាន​ដល់​ពេលណា​?“​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​ពេលនេះ​លោក​មាន​វ័យ​៧៥​ឆ្នាំ​ហើយ​។ ការ​ប្រឡូក​ក្នុង​នយោបាយ​របស់លោក រយៈពេល ជាង​២០​ឆ្នាំ មកនេះ ដូច​មិនឃើញ​លទ្ធផល​ជា​ដុំកំភួន​អ្វី​ទេ​។ 

​ក្រោយ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ លោក​ម៉ម សូណង់ដូ ក៏បាន​បង្កើត​គណបក្ស​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក​ដែល​ធ្លាប់​ចូលរួម​បោះឆ្នោត​នៅ​អាណត្តិ​ទី​២ ឡើយ​វិញ ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត​រើស​ក្រុមប្រឹក្សាឃុំ​-​សង្កា​ត​ឆ្នាំ​២០១៧ ប៉ុន្ដែ​លោក ក៏​លាលែង​ពី​តំណែង​វិញ ដោយសារតែ គណបក្ស​នេះ មិន​បានឈ្នះ​គ្រង​តំណែង​មេឃុំ ឬ​ចៅសង្កាត់ ពោលគឺ​ទទួល​បានតែ​១​អសនៈ​គត់ ជា​តំណែង​ជំទប់​ទី​២​ប៉ុណ្ណោះ​។ តែ​ការ​ចូលមក​ប្រឡូក​នយោបាយ​ចុងក្រោយ​នេះ លោក​ហាក់​មានសង្ឃឹម​ខ្លាំងណាស់ ដោយ​លោក​គិតថា អាច​នឹង​ទាញ​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​បាន​៕

ព័ត៌មានផ្សេងទៀត