អ្នក​រាយការណ៍​​សិទ្ធិមនុស្ស​​UN​​នឹង​​មក​​កម្ពុជា​​នៅ​​ថ្ងៃ​​ចន្ទ​​សប្ដាហ៍​​ក្រោយ​​

02-03-2018 10:38 am 2578
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១០​ថ្ងៃ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយនេះ​។ ដំណើរ​ទស្សនកិច្ច​នេះ កើតឡើង​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​លោកស្រី សម្តែង​កង្វល់​ចំពោះ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ដែលមាន​បញ្ចូល​បទប្បញ្ញត្តិ​ស្តីពី​ការហាមឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ​។

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១០​ថ្ងៃ «​តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជ‍ា​» ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​០៥ ខែ​មីនា សប្តាហ៍​ក្រោយនេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ការិយាល័យ​អង្គការសិទ្ធិមនុស្ស​សហ​ប្រជាជាតិ​នៅ​កម្ពុជា​។ 

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​នឹង​ជួប​ជាមួយ​«​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នាន‍ា​»​។ បន្ទាប់ពី​ទស្សនកិច្ច​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ នឹងធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​ខែកញ្ញា​ផងដែរ​។ 

​យ៉ាងណាក៏ដោយដំណើរ​ទស្សនកិច្ច​របស់លោក​ស្រីនេះ គេ​សង្កេតឃើញថា កើតឡើង​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ស្រី​ រ៉ូ​​ណា​ ​ស្មី​​ត​ ​បាន​​សម្តែង​កង្វល់​ចំពោះ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ដែលមាន​បញ្ចូល​បទប្បញ្ញត្តិ​ស្តីពី​ការហាមឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ និង​ការ​តម្រូវឱ្យ​គណបក្សនយោបាយ និង​បុគ្គល​នានា ត្រូវ «​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធ‍ំ​» និង​ការ​ប្រឆាំងនឹង «​ការជ្រៀតជ្រែក​ពី​បរ​ទេស‍​»​។​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រូបនេះ យល់ថា វិសោធនកម្ម​នេះ អាចដាក់​កម្រិត​យ៉ាងខ្លាំង​ទៅលើ​លទ្ធិប្រជាធិបតេយ្យ នៅមុន​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា ខាងមុខនេះ​។​

​ប៉ុន្តែ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ ធ្លាប់បាន​លើកឡើងថា ការស្នើឲ្យ​មាន​វិសោធន​កម្ម​ច្បាប់រដ្ឋធម្មនុញ្ញ គឺ​ផ្អែកលើ​ហេតុផល​ចាំបាច់​ចំនួន​៣៖ គឺ​ទី​១. ដើម្បី​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ទី​២. ដើម្បី​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ និង​ទី​៣. ដើម្បី​កែសម្រួល​រចនាសម្ព័ន្ធ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លងមក​មានកា​រ​រិះគន់ថា មាន​សមាជិក​ច្រើន​សំពីង​សម្ពោង​ពេក​តែប៉ុណ្ណោះ​។​

​ដោយឡែក សម្រាប់​សេចក្តីព្រាង​វិសោធនកម្ម​លើ​ក្រមព្រហ្មទណ្ឌ គឺ​ដើម្បី​ធានា​លើ​ស្ទួយ និង ការពារ​ព្រះ​ចេស្តា និង ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ ដែលជា​ព្រះ​មុខ​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ​គ្រប់​រួប និង​ធានា​ការគោរព និង ការប្រតិបត្តិ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ចំពោះ​អង្គ​ព្រះមហាក្សត្រ​៕


  

ព័ត៌មានផ្សេងទៀត