លោក​ហ៊ុន សែន ចុះហត្ថលេខា​រួចរាល់​ក្នុង​ការបង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

02-03-2018 10:21 am 1416
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន  បាន​ចុះហត្ថលេខា​រួចរាល់​ហើយ ក្នុង​ការបង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បន្ត​ការព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​ជាច្រើន នៅ​កម្ពុជា​។

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ នា​ថ្ងៃ​ទី​០២ មីនា​នេះ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា “​កាលពី​ថ្ងៃ​ទី​០១ មីនា ម្សិលមិញ​នេះ ខ្ញុំ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​រួចហើយ ដើម្បី​បង្កើត​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ខ្ញុំ និង​ភរិយា នឹង​ធ្វើ​ជា​ប្រធានកិត្តិយស​នៃ​មូលនិធិ​នេះ​។ ចំពោះ​មូលនិធិ​គន្ធបុប្ផា​នៅ​ប្រទេស​ស្វ៊ី​ស ដែល​បង្កើតឡើង​ដោយ លោក​វេជ្ជបណ្ឌិត ប៊ីត រិច​ឆ្នឺរ (Beat Richner) គឺ​នៅតែ​បន្ត​វត្តមាន​ដដែល តែ​យើង​ត្រូវ​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា មួយទៀត ជាមួយនឹង​ថវិការដ្ឋ ដែល​នឹង​ត្រូវ​ផ្ដល់​ជូន​មូលនិធិ​នេះ​។ យើង​ក៏​នឹង​មាន​ថវិកា​ពី​ប្រភព​ដ៏ទៃទៀត ដែល​នឹង​ទទួលបាន​ពី​សប្បុរសជន​កម្ពុជារ​បស់​យើង ដើម្បី​ជួយ​ទៅ​ដល់​ជីវិត​កុមារ​ជាច្រើន​របស់​កម្ពុជា​យើង​”​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បានឲ្យដឹងថា រយៈពេល​២៥​ឆ្នាំនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​សរុប​១៦,៨២២,២២៥​ករណី ដែល​ចំណាយ​ថវិកា​សរុប ៦៣២​លាន​ដុល្លារ​។ ហើយ​២៥​ឆ្នាំ​មកនេះ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១,៨៥៣,៥១០​ករណី ត្រូវ​សម្រាក​ព្យាបាល និង​ស្ត្រី​មាន​ផ្ទៃពោះ ២៤៥,៥៩១​នាក់ បាន​សម្រាលកូន នៅ​មន្ទីរពេទ្យ​សម្ភព នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត