អ្នក​នាំ​ពាក្យ​ គ​.​ជ​.​ប ​ចំអក​​ឱ្យ​​សង្គម​​ស៊ីវិល​​ដែល​​មិន​​ពេញ​ចិត្ត​​ការ​បោះ​ឆ្នោត​​ព្រឹទ្ធ​សភា​​

28-02-2018 3:55 pm 4121
  ស្តាប់
ស្តាប់ជាសំឡេង

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨ ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការបោះឆ្នោត​ព្រឹទ្ធសភា កន្លងទៅ​ថ្មីៗ​នេះ និង​ថា​ធ្វើឡើង​តាមរបៀប​មួយ ដែល​មិន​ស្រប​នឹង​ដំណើរការ​និង​គោលការណ៍​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​សេចក្ដី​ថ្លែង​កាណ៍​នេះ ត្រូវបាន​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ​ចំអក និង​ចាត់ទុកថា ជាការ​វង្វេងវង្វាន់​ចូល​ដៃ​ចូល​ជើង​ជាមួយ​ស្ថាប័ន ឬ​ក្រុម​ណាមួយ ផ្ទុយ​ពី​ច្បាប់​កម្ពុជា​។

​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨​រួមទាំង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​សំខាន់​ចំនួន​ពីរ​គឺ​អង្គការ​ខុមហ្វ្រែល​និង​និកហ្វិក​ផង បាន​សម្តែង​ការ «​ខកចិត្ត​យ៉ាងខ្លាំង​» ចំពោះ​ការបោះឆ្នោត​ព្រឹទ្ធសភា ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួមមួយ​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ទាំងនេះ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៧​ខែ​កុម្ភៈ​។​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​លើកឡើងថា ក្រោយពី​បាន​ពិនិត្យមើល​ដំណើរការ​បោះឆ្នោត​ព្រឺទ្ធសភា ពួកគេ​យល់ឃើញថា ការបោះឆ្នោត​នេះ ត្រូវបាន​ធ្វើឡើង​តាមរបៀប​មួយ ដែល​មិន​ស្រប​នឹង​ដំណើរការ​និង​គោលការណ៍​ប្រជាធិបតេយ្យ​នោះទេ​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បានចាត់ទុក​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ថា ជាការ​វង្វេងវង្វាន់​ចូល​ដៃ​ចូល​ជើង​ជាមួយ​ស្ថាប័ន ឬ​ក្រុម​ណាមួយ ផ្ទុយ​ពី​ច្បាប់​កម្ពុជា​។ លោក បញ្ជាក់ថា គ​.​ជ​.​ប មិន​ទទួលស្គាល់​នូវ​សេចក្ដីថ្លែងការណ៍​ទាំងនេះ​ឡើយ​ ហើយ គ​.​ជ​.​ប សុំ​ច្រានចោល​នូវ​សេចក្ដីថ្លែងការណ៍​ទាំងឡាយណា ដែល​មិន​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​កម្ពុជា រំខាន​ដល់​ការបោះឆ្នោត​របស់​កម្ពុជា​ផងដែរ​..........

​សំឡេង​៖

​អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ បាន​ចំអក​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ថា មិន​បានដាក់​អ្នកសង្កេតការណ៍​ផង បែរជា​មក​ចេញ​សេចក្ដីថ្លែងការណ៍​វាយតម្លៃ​ការបោះឆ្នោត ដោយ​លោក​ថា នេះ​ជា​ការខុសឆ្គង និង​មាន​ចេតនា​នយោបាយ​។ លោក ហង្ស ពុទ្ធា បាន​គូសបញ្ជាក់ថា គ​.​ជ​.​ប អនុវត្ត​ទៅ​តាមច្បាប់​តែប៉ុណ្ណោះ មិន​តម្រូវ​តាម​បុគ្គល​ណា​ម្នាក់​ឡើយ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា កន្លងទៅនេះ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ឆ្នាំ​២០១៨ មាន​គណបក្សនយោបាយ​ចំនួន​៤ ចូលរួម​ប្រកួតប្រជែង ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ជា​លទ្ធផល​បណ្ដោះអាសន្ន​របស់ គ​.​ជ​.​ប ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ បានឈ្នះ​ទាំងស្រុង​នូវ​អាសនៈ​ទាំង​៥៨ ក្នុងចំណោម​អាសនៈ​ទាំង​៦២​ ដែល​បានដាក់ឲ្យ​ប្រកួតប្រជែង​ខណៈ​អាសនៈ​៤​ទៀត​ តែងតាំង​ដោយ​ព្រះមហាក្សត្រ​ និង​រដ្ឋសភា​។ ទាំង​គណបក្ស​ប្រជាជន និង​គណបក្ស​៣​ទៀត ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ព្រឹទ្ធសភា​ នីតិកាល​ទី​៤ ឆ្នាំ​២០១៨ បានប្រកាស​​ទទួលស្គាល់​ការបោះឆ្នោត​ព្រឹទ្ធសភា ថា​ប្រកបដោយ​យុត្តិធម៌ និង​មាន​បរិយាកាស​ល្អ​។​

​ប៉ុន្តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ដែលជា​គូប្រជែងដ៌​ធំ​ជាមួយ​គណបក្សកាន់អំណាច ត្រូវបាន​តុលាការ​កំពូល រំលាយចោល បានចេញ​សេចក្ដីថ្លែងការណ៍​មិន​ទទួលស្គាល់​ការបោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឡើយ ដោយសារតែ​គ្មាន​ការចូលរួម​ពី​គណបក្ស​ខ្លួន​។​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ការបោះឆ្នោត​នេះ ធ្វើឡើង​ដោយ​ខុសច្បាប់ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ពីព្រោះ​អង្គ​បោះឆ្នោត​ដែលជា​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ៥០៦២​រូប ពុំមែន​ជា​តំណាង​ឆន្ទៈ​របស់​ពលរដ្ឋ ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើសតាំង​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ ព្រោះ​មិនមាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលជា​តំណាង​ឆន្ទៈ​ពលរដ្ឋ​កន្លះ​ប្រទេស ដែលមាន​អាសនៈ​នៅក្នុង​សភា និង​នៅ​ក្រុមប្រឹក្សា​រាជធានី​-​ក្រុង ស្រុក​-​ខណ្ឌ និង​ឃុំ​-​សង្កាត់​៕

 

ព័ត៌មានផ្សេងទៀត