លោក ប្រាក់ សុខុន បានគូសបញ្ជាក់ទៀតថា ចាប់តាំងពីកម្ពុជា បានប្រារព្ធពីធីបើកសម្ពោធទីស្នាក់ការ នៃមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ក្នុងខែឧសភា ឆ្នាំ២០១៦មក កម្ពុជាជាប្រទេសដែលចាត់ទុកចូលក្នុងចំណោមប្រទេសល្អបំផុត ចំពោះប្រតិបត្តិការ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងសកម្មភាពកំចាត់មីន និងអាវុធមិនទាន់ផ្ទុះនៃសង្គ្រាម។ ជាមួយគ្នានោះ លោកបានអះអាងថា កម្ពុជាបានត្រៀមរួចរាល់ក្នុងការបន្តជួយមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ានផងដែរ។
ការអះអាងរបស់លោកបែបនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ស្តីពីការផ្តល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដល់មជ្ឈមណ្ឌលសកម្មភាពតំបន់អាស៊ាន។ លោកប្រាក់ សុខុន បានឱ្យដឹងទៀតថា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាច្រើននាក់ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ ពិសេសក្នុងវិស័យមនុស្សធម៌ក្នុងការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ លោកសង្ឃឹមថា មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន នឹងដើរតួនាទីកាន់តែសំខាន់ថែមទៀត ក្នុងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ និងនិយ័តក្នុងប្រទេសកម្ពុជា និងប្រតិបត្តិករបោសសំអាតមីនផ្សេងទៀត ព្រមទាំងជាមួយស្ថាប័នតំបន់ និងអន្តរជាតិ រួមមានសេវាសកម្មភាពមីនរបស់អង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលបោសសំអាតមីនអន្តរជាតិ ទីក្រុងហ្សឺណែវ ក្នុងការត្រៀមធនធាន និងការអនុវត្តសកម្មភាពក្នុងការជួយសង្គ្រោះជីវិតប្រជាជន នៅក្នុងតំបន់ និងប្រទេសផ្សងៗទៀត។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាសព្វថ្ងៃនេះ មានមជ្ឈមណ្ឌលសម្រាប់ធ្វើការហាត់ហ្វឹកហ្វឺនក្នុងការបោសសម្អាតមីន ដែលនៅសេសសល់ពីសម័យសង្គ្រាមផងដែរគឺមានឈ្មោះថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា (CMAC)៕