ប្អូនប្រុស​លោក​កែម​ឡី​៖ ការបង្កើត​គណបក្ស​កែ​ម​ឡី​គឺជា​ជម្រើស​ថ្មី​ជំនួស​អតីត​CNRP

24-02-2018 5:16 pm 5639
  ស្តាប់
លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតលោកកែម ឡី ។ រូបថតពី fn ។
ស្តាប់ជាសំឡេង

​ប្អូនប្រុស​បង្កើត​សព​លោក កែម ទ្បី គឺ​លោក កែម រិទ្ធិ​សិត បានប្រកាសថា គ្រោង​នឹង​រៀបចំ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា គណបក្ស​កែម ទ្បី ដើម្បី​ចូលរួម​ការបោះឆ្នោត​នីតិកាល​ទី​០៦ នៃ​រដ្ឋសភា នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លោក កែម រិទ្ធិ​សិត ចុះ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។​

​លោក កែម រិទ្ធិ​សិត បាន​ប្រាប់​វិទ្យុ​វាយោ​ថា ដោយសារ​លោក​មើលឃើញថា ស្ថានការណ៍​បច្ចុប្បន្ន​ពុំ​មាន​គណបក្ស​នយោបាយ​ណា​ដែល​ប្រជាពលរដ្ឋ​អាច​សម្រេច​ជ្រើសរើស​បាន ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អតីត​គណបក្សប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ត្រូវបាន​រំលាយ ។ គម្រោង​បង្កើត​គណបក្ស ដោយ​យក​ឈ្មោះ​លោក កែម ឡី មក​ភ្ជាប់​ជាមួយនេះ ក៏​ជា​ការប្រមែប្រមូល​យក​អ្នក​ធ្លាប់​គាំទ្រ​លោក កែម ឡី ក៏ដូចជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែរ​…
​សំឡេង​លោក កែម រិទ្ធិ​សិត ៖

​លោក កែម រិទ្ធិ​សិត ប្រាប់​បន្តថា គម្រោង​បង្កើត​គណបក្ស​ថ្មី​នេះ នឹង​អាច​សម្រេច​ទៅបាន នាពេល​ខាងមុខ​ដ៏​ខ្លី ព្រោះ​ក្រោយ​ប្រកាស​អំពី​គម្រោង​នេះ មាន​ការចូលរួម​ច្រើន​ពី​អ្នកគាំទ្រ អ្នកសិក្សា​ស្រាវជ្រាវ និង​អ្នក​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​នយោបាយ​ជាដើម ។ 

​ក្នុង​លិខិត​ប្រកាស​ព័ត៌មាន​របស់​លោក កែម រិទ្ធិ​សិត បានបញ្ជាក់​ថា ការបង្កើត​គណបក្ស​ថ្មី ដែល​យក​ឈ្មោះ​លោក កែម ឡី ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ខ្លួន​នេះ គឺ​ដើម្បី​រក្សា​កិត្តិនាម បន្ត​បេសកកម្ម​របស់​លោក កែម ឡី និង​ពិសេស​ដើម្បី​យក​ទស្សនាទាន​ល្អៗ​របស់​លោក​កែម ឡី មក​ប្រើប្រាស់​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​មាតុភូមិ​កម្ពុជា ខណៈ​លោក កែម ឡី គឺ​ជា​អតីត​ស្ថាបនិក​នៃ​គណបក្ស​មួយ​កាល​ពី​លោក​នៅ​មាន​ជីវិត ។ 

​ក្នុង​អត្ថន័យ​ដើម​នៃ​លិខិត​ដដែល​ក៏​បាន​បញ្ជាក់ថា ការបង្កើត​គណបក្ស ដោយ​ដាក់​ឈ្មោះ កែម ទ្បី នេះ ស្របតាម​ច្បាប់ គឺ​ដើម្បី​ទប់ស្កាត់​ដល់​ក្រុម​ជ្រុលនិយម​មួយចំនួន ដែល​តែងតែ​យក​ឈ្មោះ​លោក កែម ទ្បី ទៅ​ធ្វើ​ជា​ឧបករណ៍​កេងចំណេញ​ផ្នែក​នយោបាយ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ ។​

​លោក​កែម រិទ្ធិ​សិត បាន​ប្រាប់ថា គម្រោង​បង្កើត​គណបក្ស​ថ្មី ដែល​យក​ទស្សនាទានរ​បស់​លោក​កែម ឡី មកប្រើប្រាស់ ដូចគ្នា​ទៅ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ជា​គណបក្ស​ចូលរួម​បង្កើត​ដោយ​លោក​កែម ឡី នោះ វា​គឺជា​ការប្រលងប្រណាំង​នៅក្នុង​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ …
​សំឡេង​លោក កែម រិទ្ធិ​សិត ៖

​យ៉ាងណាក៏ដោយ ទាក់ទង​នឹង​ព័ត៌មាន​លម្អិត​ផ្សេងទៀត លោក​បាន​ផ្ទេរ​ទៅ​បេក្ខជន​អនុប្រធាន​ទី​មួយ នៃ​គណបក្ស​ដែល​គ្រោង​នឹង​បង្កើត​ថ្មី លោក គុជ លី ។ ក៏ប៉ុន្តែ បេក្ខជន​អនុប្រធាន​ទី​មួយ នៃ​គណបក្ស​គ្រោង​បង្កើត​ថ្មី​មួយ​នេះ បាន​បដិសេធ​សុំ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ ដោយ​លោក​បាន​លើកឡើង​ថា បច្ចុប្បន្ន​ក្រុមការងារ​កំពុង​រៀបចំ​ឯកសារ ស្រប​តាម​ផ្លូវច្បាប់ ហើយ​ស​ន្និសិទ​សារព័ត៌មាន​អំពី​គម្រោង​បង្កើត​គណបក្ស​នេះ នឹង​ធ្វើឡើង​ដោយ​មិនឱ្យ​លើស​ពី​៣​ថ្ងៃ​ទៀត​ទេ ពោល​គឺ​នៅក្នុង​ដើម​សប្តាហ៍​ក្រោយ​តែម្តង ។​

​លោក កែម ឡី គឺជា​ស្ថាបនិក​មួយ​រូប ដែល​បាន​ចូលរួម​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ។ បច្ចុប្បន្ន គណបក្ស​នេះ បានចាត់ទុក​លោក កែម ឡី គឺជា​បិតាស្ថា​បិ​ក​របស់​គណបក្ស ។ គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាន់​នូវ​បេសកកម្ម បណ្តុះ​អ្នកដឹកនាំ​ល្អ និង​កសាង​មូលដ្ឋានគ្រឹះ​ប្រជាធិបតេយ្យ​ទូទាំងប្រទេស ដោយ​ស្រប​ទៅនឹង​ទស្សនាទាន​របស់​លោក​កែម ឡី ។​

​យ៉ាងណាម៉ិញ ទាក់ទង​ទៅ​នឹង​គម្រោង​បង្កើត​គណបក្ស​ថ្មី ដែល​យក​ឈ្មោះ​លោក កែម ឡី និង​ទស្សនា​របស់លោក​ទៅ​ធ្វើ​ជា​គោលនយោបាយ​បក្ស​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ី​ន បាន​ប្រាប់ថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ គឺ​យើង​មាន​សិទ្ធិ​ក្នុង​ការចូលរួម និង​បង្កើត​គណបក្ស​នយោបាយ ។ លោក​បាន​លើកឡើង​បែប​ប្រៀបធៀប​ថា កាលណា​យើង​មាន​ក្រុមកីឡា​ច្រើន ជា​រឿង​ល្អ មានន័យ​ថា យើង​អាច​ងាយ​ស្វែងរក​ឃើញ​នូវ​ក្រុម​កីឡា​ដែល​ល្អប្រសើរ​…
​សំឡេង​លោក សាម អ៊ី​ន ៖

​លោក​សាម អ៊ី​ន បាន​ប្រាប់ថា លោក កែម ឡី មិនមែន​ជា​កម្មសិទ្ធិរ​បស់​បុគ្គល ឬ​ក្រុម​ណា​ទេ ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានចាត់ទុក​លោក​កែម ឡី គឺជា​បិតា​ស្ថាបនិក ដោយសារតែ​លោក បាន​ចូលរួម​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចាប់តាំងពី​បង្កើត​ដំបូង​មក ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ បញ្ជាក់ថា សម្រាប់​ពលរដ្ឋ​ដែល​គោរព ស្រឡាញ់​លោក កែម ឡី គឺ​អាច​បន្ត​ការគោរព ស្រឡាញ់ ផ្តល់​តម្លៃ​ឱ្យ​លោក កែម ឡី តាម​ការយល់ឃើញ​របស់​គេ​រៀងៗ​ខ្លួន ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត