នាយករដ្ឋមន្ដ្រី​​អ៊ីស្រាអែល​ថា​​អ៊ីរ៉ង់​ជា​អ្នក​​គំរាមកំហែង​​ខ្លាំង​បំផុត​​ដល់​ពិភពលោក​

20-02-2018 11:06 am 1535
  ស្តាប់
នាយករដ្ឋមន្ដ្រីអ៊ីស្រាអែលលោកBenjamin Netanyahu
ស្តាប់ជាសំឡេង

​ភាព​តានតឹង​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់ បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​កងកម្លាំងប្រដាប់អាវុធ​អ៊ីស្រាអែល បាន​ស្ទាក់ចាប់​អ្វីដែល​ពួកគេ​និយាយថា ជា​យន្ដហោះ​ចម្បាំង​អ៊ីរ៉ង់ ហើយ​បាន​វាយប្រហារ​ជា​បន្ដបន្ទាប់​។ នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​លោក​Benjamin Netanyahu បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​សន្ដិសុខ​នៅក្នុង​ទីក្រុង​Munich​នៃ​ប្រទេស​អាល្លឺម៉ង់ ដោយ​រិះគន់​ធ្ងន់ៗ​ទៅលើ​អ៊ីរ៉ង់​។

​លោក​បញ្ជាក់​ដូច្នេះ​ថា “​អ៊ីរ៉ង់​កំពុង​ព្យាយាម​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​របស់​យើង និង​ព្យាយាម​គ្រប់គ្រង​ពិភពលោក​តាមរយៈ​ការឈា្លនពាន​និង​ប្រព្រឹត្ដ​អំពើ​ភេរវកម្ម​។ គេ​បាន​អភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង​បាញ់​ដល់​តំបន់​អឺរ៉ុប​និង​អាមេរិក​ផងដែរ នេះ​ជា​ការវិនិច្ឆ័យ​របស់ខ្ញុំ​។ វា​ជា​ការគំរាមកំហែង​ខ្លាំងក្លា​បំផុត​ដល់​ពិភពលោក​របស់​យើង ព្រោះ​មិន​ត្រឹមតែ​អ៊ីស្រាអែល ប្រទេស​អារ៉ាប់ អ្នក​កាន់សាសនា​អ៊ីស្លាម អ្នក​នៅ​ឆ្ងាយ​ប៉ុណ្ណោះ​ទេ​ដែល​ប៉ះពាល់ ប៉ុន្ដែ​វា​ក៏​គំរាមកំហែង​ដល់​អ្នក​ផ្ទាល់​។​”

​លោក​នាយករដ្ឋមន្ដ្រី​សង្កត់ធ្ងន់ថា នៅពេលដែល​អ៊ីរ៉ង់​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែ​រហើយ ការឈ្លានពាន​របស់​អ៊ីរ៉ង់​គ្មាន​នរណា​អាច​ត្រួតពិនិត្យ​បានឡើយ ហើយ​ពេលនោះ​ជា​ពេល​អ៊ីរ៉ង់​គ្របដណ្ដប់​ពិភពលោក​ទាំងមូល​។ ហេតុនេះ​តាម​អ្វីដែល​លោក​បានលើកឡើង កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គួរតែ​ត្រូវ​លុបចោល បើសិន​អ៊ីរ៉ង់​បន្ដ​ស្រាវជ្រាវ​នុយក្លេអ៊ែរ​តទៅទៀត​។ លោក Netanyahu​បាន​អំពាវនាវ​ឲ្យមាន​ការដាក់ទណ្ឌកម្ម​ដ៏តឹងរ៉ឹង​ប្រឆាំង​អ៊ីរ៉ង់ ដើម្បី​រារាំង​អ៊ីរ៉ង់​មិនឲ្យ​អភិវឌ្ឍ​នុយក្លេអ៊ែ​របាន​។​

​សូម​រម្លឹកថា ក្នុង​ខែកក្កដា​ឆ្នាំ​២០១៥ អ៊ីរ៉ង់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​សភាព​អឺរ៉ុប និង​ប្រទេស​មហាអំណាច​៥+១ មាន​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស បូក​អាល្លឺម៉ង់​។ កិច្ចព្រមព្រៀង​បានចែង​ពី​ការដក​ទណ្ឌកម្ម​បន្ដិច​ម្ដងៗ​ដែល​បានដាក់​លើ​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​ការរក្សាបាន​កម្មវិធី​នុយក្លេអ៊ែរ​ស្ថិតក្នុង​ផ្លូវ​សន្ដិភាព​។ ពោលគឺ​អ៊ីរ៉ង់​មិនត្រូវ​បន្ដសកម្មភាព​នុយក្លេអ៊ែរ​ធ្វើឲ្យប៉ះពាល់​ដល់​ពិភពលោក​ទៀតឡើ​យ​។ ប៉ុន្ដែ​កិច្ចព្រមព្រៀង​ត្រូវ​លោក​ដូណាល់ ត្រាំ​ប្រកាស​គំរាម​លុបចោល ក្រោម​ហេតុផល​អ៊ីរ៉ង់​មិន​គោរព​តាម​កិច្ចព្រមព្រៀង​បាន​ចុះ​៕

ព័ត៌មានផ្សេងទៀត