ដំណើរការ​​ជួសជុល​​ស្ពាន​ជ្រោយចង្វារ ​ទើប​សម្រេច​បាន​ជាង​​១០%​​ប៉ុណ្ណោះ​​

19-02-2018 12:04 pm 3064
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​គម្រោង​រយៈពេល​២៤​ខែ សម្រាប់​ការជួសជុល​ឡើងវិញ នៃ​ស្ពាន​ជ្រោយចង្វារ​ចាស់​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន គិត​រហូតមកដល់​ដំណាច់ខែ​មករា​នេះ សម្រេចបាន​ប្រមាណ​១១,៥១% ហើយ​។​តាម​គម្រោង ការជួសជុល​ឡើងវិញ​នេះ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៩ ខាងមុខ​។​

​ទឹកប្រាក់​ត្រូវ​ចំណាយ​លើ​ការជួសជុល មាន​ប្រមាណ​ជា ៣០ លាន​ដុល្លារ ដោយ​ស្ថិតក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)​។​
​អ្នកជំនាញ បានបង្ហាញ​ពី​ក្តីបារម្ភ ពី​រយៈពេល​នៃ​ការជួសជុល​នេះ​។ មានការ​ចោទសួរ​ពី​អ្នក​ដែល​មិនដឹង​អំពី​ទំហំ​នៃ​ការងារ​នេះ ថា «​គ្រាន់តែ​ជួសជុល​ស្ពាន​សោះ ហេតុអ្វី​ត្រូវ​ចំណាយពេល​រហូតដល់ ២៤ ខែ​?»​។ ប៉ុន្តែ​ផ្ទុយទៅវិញ ក្រុម​អ្នកជំនាញ និង​កម្មករ​ដែល​បំពេញការងារ​នេះ​ផ្ទាល់​គឺ​បារម្ភ​ពី​ពេលវេលា​ខ្លី​ទៅវិញ​ទេ​។​

ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ដែលមាន​ប្រវែង​ជិត​១០០០​ម៉ែត្រ នេះ ត្រូវ​ចែកចេញជា ៣ ផ្នែក​សំខាន់ៗ​ផ្សេងគ្នា​។ ក្នុងនោះ​ផ្នែក​ទី ១ គម្រោង​ជួសជុល​ចុងស្ពាន និង​ផ្លូវថ្នល់ ទាំងសងខាង​មាន​ប្រវែង ២៥៨ ម៉ែត្រ​, និង​ផ្នែក​ទី ២ ជា​គម្រោង​ជួសជុល​គល់ស្ពាន​ប្រវែង ១៦៨ ម៉ែត្រ​។ ចំណែកឯ​ផ្នែក​ដ៏​សំខាន់​នោះ គឺ​តួ​ស្ពាន​មាន​ប្រវែង ៥៤៥ ម៉ែត្រ​។ នេះ បើតាម​ការបញ្ជាក់​ពី​វិស្វករ​ជំនាញ​។​

សូមបញ្ជាក់ថា​ស្ពាន​នេះ ត្រូវបាន​ជួសជុល​ជា​លើក​ទី​២​ហើយ​។ ស្ពាន​ជ្រោយចង្វារ​ដ៏​ចំណាស​មួយ​នេះ បាន​សាងសង់ឡើង​ក្នុង​ឆ្នាំ ១៩៦៦ នា​សម័យ​សង្គមរាស្ត្រនិយម​។ ក្រោយមក​ស្ពាន​នេះ​ត្រូវបាន​ទាហាន​ខ្មែរក្រហម​ដាក់​មីន​បំផ្ទុះ​កាត់ផ្តាច់​នៅ​ចំណុច​ពាក់កណ្តាល​ស្ពាន កាលពី​សម័យ​សង្គ្រាម​ឆ្នាំ ១៩៧៣​។ លុះដល់​ឆ្នាំ ១៩៩២ ទើប​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា និង​បច្ចេកទេស​ក្នុង​លក្ខខណ្ឌ​ជំនួយឥតសំណង ដើម្បី​ធ្វើ​ការជួយ​ជួសជុល​ត​ភ្ជាប់​ស្ពាន​នេះ​ឡើងវិញ និង​ត្រូវបាន​បើក​សម្ភោ​ធ​ដាក់ឲ្យ​ដំណើរការ​ជាថ្មី​នៅ​ឆ្នាំ ១៩៩៥៕

ព័ត៌មានផ្សេងទៀត