រយៈពេល​២​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​គ្រោះថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​ជិវិត​មនុស្ស​២២​នាក់​

17-02-2018 11:17 am 1605
  ស្តាប់
ស្តាប់ជាសំឡេង

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ នៃ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន គិត​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​១៦​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន ៤០​លើក ដែល​បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់​បាត់បង់​ជីវិ​ត​រហូតដល់ ២២​នាក់ និង​រងរបួស​ធ្ងន់​ស្រាល សរុប​ចំនួន ៦៣​នាក់​។​

​យោងតាម​របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់បន្ថែម​ថា បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆ្នាំ​ចាស់​កើតឡើង ៣៨​លើក អ្នកស្លាប់​២២​នាក់ និង​អ្នករងរបួស​ធ្ងន់​ស្រាល ចំនួន ៦០​នាក់​តែ​ប៉ុណ្ណោះ ។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​ថ្ងៃ ក្នុង​ឆ្នាំ​២០១៨​នេះ​ក៏​បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ៥០​គ្រឿង រថយន្ត​តូច ១១​គ្រឿង រថយន្ត​ធំ ៣​គ្រឿង យាន្ត​ផ្សេងៗ ៥​គ្រឿង និង​ថ្មើរជើង ៣​នាក់​។​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ កតា្ត​យានយន្ត និ​ងងុយដេក​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រាជធានី ខេត្ត​ដែល​មាន​អ្នក​ស្លាប់​និង​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​រួមមាន​ខេត្ត កណ្តាល​ស្លាប់ ៤​នាក់  របួស ៥​នាក់ ខេត្ត​កំពង់​ឆ្នាំង​ស្លាប់ ២​នាក់ រងរបួស ១១​នាក់ កំពង់ធំ​ស្លាប់ ២​នាក់ របួស ៣​នាក់ រតនៈគិរី​ស្លាប់ ២​នាក់ របួស ៥​នាក់ តាកែវ​ស្លាប់ ១​នាក់ របួស ៧​នាក់ និង​ខេត្ត​បាត់ដំបង​ស្លាប់ ១​នាក់ របួស ៧​នាក់​៕

ព័ត៌មានផ្សេងទៀត