ក្រសួង​ព័ត៌មាន​​ច្រានចោល​​ការវាយតម្លៃ​​អវិជ្ជមាន ​លើ​សេរីភាព​​សារព័ត៌មាន​​នៅ​កម្ពុជា​​

15-02-2018 4:38 pm 2543
  ស្តាប់
ស្តាប់ជាសំឡេង

កន្លងទៅ អង្គការ​ការពារ​អ្នកកាសែត​គ្មាន​ព្រំដែន​បានចេញ​របាយការណ៍​មួយ​ក្រោម​ចំណងជើង​ថា​“​ប្រទេស​កម្ពុជា សារព័ត៌មាន​ឯករាជ្យ​កំពុង​ស្ថិតនៅក្នុង​ភាព​មហន្តរាយ​”​។ របាយការណ៍​នេះ បានលើកឡើង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ត្រូវ​រដ្ឋាភិបាល​បិទ និង​មួយចំនួនទៀត​បិទទ្វារ​ដោយ​ខ្លួនឯង ហើយក៏​បង្ហាញ​នូវ​អ្នកកាសែត​មួយចំនួន​ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ចាប់​ដាក់ពន្ធនាគារ​ផងដែរ ដែល​ធ្វើឲ្យ​អ្នកកាសែត​ដទៃទៀត​មាន​ការខ្លាច​រអា​។ អង្គការ​ការពារ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ចង្អុល បង្ហាញថា នេះ​គឺជា​ការរៀបចំ​ធ្វើឡើង​ដោយ​មនុស្ស​មួយក្រុម​របស់​រដ្ឋាភិបាល​កម្ពុជា​។ 

លោក​អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ច្រានចោល​ទាំងស្រុង​នូវ​របាយការណ៍ អង្គការ​ការពារ​អ្នកកាសែត​គ្មាន​ព្រំដែន ដែល​លោក​ហៅ​របាយការណ៍​នេះ ថា​បាន​វាយតម្លៃ​ខុស​។​លើកឡើងថា សេរីភាព​សារព័ត៌មាន​នៅ កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​។​

​លោក​អ៊ុក គឹម​សេង បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១៥ កុម្ភៈ នេះ​ថា កម្ពុជា​មាន​បណ្តាញ​ព័ត៌មាន រាប់ទាំង​វិទ្យុ ទូរទស្សន៍ កាសែត​ទស្សនា​វ​ដ្តី និង​សារព័ត៌មាន​អន​ឡាញ រាប់ពាន់​អង្គភាព ហើយ​អ្នកសារព័ត៌មាន​ទាំងអស់​បាននិងកំពុង​ធ្វើ​ការងារ របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ 

​ចំណែក​លោក​សុខ ឥ​សាន្ត អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បានចាត់ទុក របាយការណ៍​របស់​អង្គការ​ការពារ អ្នកកាសែត​គ្មាន​ព្រំដែន ថា​មិន​ត្រឹមត្រូវ​តាម​ការពិត​ជាក់ស្តែង ដែល​កើតមាន នៅ​កម្ពុជា​ទេ គឺ​វាយតម្លៃ​ដោយ​លម្អៀង និង​ធ្វើឱ្យមាន​ការយល់ច្រឡំ​យ៉ាងធ្ងន់ធ្ងរ ដល់​សាធារណជន​ទូទៅ​។ 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ កុម្ភៈ អង្គការ​ការពារ​អ្នកកាសែត​គ្មាន​ព្រំដែន​បានចេញ​របាយការណ៍​មួយ ដោយ​ព្យាករណ៍​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នឹង​បន្ដ​ធ្លាក់ចុះ​ថែមទៀត​នៅ​ឆ្នាំនេះ បន្ទាប់ពី​រដ្ឋាភិបាល​បើក​ការបង្ក្រាប​លើ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ និង​ការចាប់ខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​នាក់​។​

​អង្គការ​អន្ដរជាតិ​មួយ​នេះ​បន្ដថា កម្ពុជា មិនអាច​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នោះទេ បើ​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចូលរួម និង​ថា ក្រោយ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​ជា​របស់​រដ្ឋ និង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯកជន ដែល​ស្និទ្ធ​រដ្ឋាភិបាល​។ 

​បើតាម​របាយកាណ៍ «​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧» អង្គការការពារអ្នកកាសែតគ្មាន​ព្រំដែន បាន​ចាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ថា កាន់តែ​អាក្រក់​ទៅ ដោយ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​១៣២ ក្នុងចំណោម​ប្រទេស​១៨០ នៅលើ​ពិភពលោក ពោលគឺ​ធ្លាក់ចុះ ៤​លេខ បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕

ព័ត៌មានផ្សេងទៀត