ស្ពានអាកាសចំណុចរង្វង់មូលចោមចៅ នឹងចាប់ផ្តើមបើកការដ្ឋាននាពេលខាងមុខឆាប់ៗនេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី១៤ កុម្ភៈ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាបន្ថែមលើបច្ចេកទេសសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ ជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ថា គម្រោងសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅរបស់សាលារាជធានីនេះ គ្រោងនឹងចាប់ផ្តើមការដ្ឋាននៅក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ ។ ទោះយ៉ាងណាក៏ដោយ លោកពុំទាន់អាចប្រាប់បានថា ត្រូវចំណាយថវិកាអស់ប៉ុន្មាន ចំណាយពេលប៉ុន្មានឆ្នាំដើម្បីសាងសង់ ឬគ្រោងនឹងបញ្ចប់គម្រោងនៅក្នុងឆ្នាំណានៅឡើយទេ ដោយលោកអះអាងថា ក្រុមការងារកំពុងបញ្ចប់ការងារដែលនៅសេសសល់ ធ្វើយ៉ាងណាឱ្យគម្រោងស្ពានអាកាសទី៦ក្នុងក្រុងភ្នំពេញនេះ អាចរំដោះប្រព័ន្ធចរាចរបានល្អជាងគេបង្អស់…
សំឡេងលោក ម៉េត មាសភក្តី ៖
គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួច និងគ្រោងសម្ពោធឱ្យប្រើប្រាស់ឆាប់ៗនេះ ក្នុងនោះរួមមាន ទី១.ស្ពានអាកាសក្បាលថ្នល់ (នៅអតីតរង្វង់មូលក្បាលថ្នល់) ២.ស្ពានអាកាសស្ទឹងមានជ័យ ៣.ស្ពានអាកាស៧មករា (ស្តុបពេទ្យលោកសង្ឃ) ៤.ស្ពានអាកាសស្ដុបតិចណូ និងទី៥.ស្ពានអាកាសស្តុបផ្សារដីហុយ ដែលជាស្ពានអាកាសចុងក្រោយគេ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់មុនថ្ងៃចូលឆ្នាំខ្មែរ ពោលគឺមុនខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ៕
(រាយការណ៍ដោយ៖ គង់ ឧត្តម)