អាជ្ញាធរក្រុងភ្នំពេញ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានបិទយានដ្ឋានជួលជុលរថយន្តនៅក្នុងរាជធានីភ្នំពេញ ដែលរកឃើញថា មានប្រកបរបរអាជីវកម្មលួចតទ្រុងខុសបច្ចេកទេស។ ការព្រមាននេះ ធ្វើបន្ទាប់ពីប្រមុខដឹកនាំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យចាប់រថយន្តទាំងឡាយណាដែលតទ្រុងខុសបច្ចេកទេស ដឹកលើសទម្ងន់។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងក្រោយកិច្ចប្រជុំណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ថា ក្នុងកិច្ចប្រជុំព្រឹកនេះ លោក ឃួង ស្រេង បានចេញជាវិធានការយ៉ាងច្រើន ក្នុងនោះពាក់ព័ន្ធនឹងករណីកាត់រថយន្តតទ្រុង តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រីផងដែរ។ ម្យ៉ាងវិញទៀតការងារត្រួតពិនិត្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនេះ នឹងមានក្រុមការងារចល័ត ដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការរង់ចាំក្រោយពីទទួលបានដំណឹងពីអាជ្ញាធរខណ្ឌទាំងអស់ អំពីការឃាត់បាននូវរថយន្តខុសបច្ចេកទេសនេះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា «ក្រុមការងារចល័តនេះ គឺជាក្រុមការងារថ្មីដែលដាក់បន្ថែមលើក្រុមការងារ តាមគោលដៅទាំង១៦ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ចោលរថយន្តតទ្រុងខុសបច្ចេកទេស មិនឲ្យមានចរាចរក្នុងរាជធានីភ្នំពេញ។ លោកឱ្យដឹងទៀតថា នៅរាជធានីភ្នំពេញមានយានដ្ឋានជួលជុលរថយន្តជាង៨០០កន្លែង ប្រសិនបើរកឃើញថា យានដ្ឋានជួសជុលរថយន្តទាំងនោះ មានលួចតទ្រុងរថយន្តខុសបច្ចេកទេស គឺបិទចោលភ្លាមៗតែម្ដង៕