លោក​​ថោង​ ខុន​​ឱ្យ​​ខេត្ត​​ជាប់​​សមុទ្រ​​ពង្រឹង​​ច្បាប់​​អ្នក​បើក​​អាជីវ​កម្ម​​គ្មាន​​អាជ្ញា​​បណ្ណ​​

08-02-2018 3:04 pm 693
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ពិសេស​ខេត្ត​ជាប់​សមុទ្រ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍ និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ណា បើក​អាជីវកម្ម​គ្មាន​អាជ្ញា​បណ្ណ ត្រូវ​ចាត់វិធានការ​ឲ្យបាន​តឹងរឹង​តាមច្បាប់​។ ការណែនាំ​នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគិន​ទេសចរណ៍ នៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​សង្កត់ធ្ងន់ថា ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ​មួយចំនួន ពេល​មាន​អាជ្ញា​បណ្ណ​កាស៊ីណូ បែរជា​លែង​មកសុំ​អាជ្ញា​បណ្ណ​សណ្ឋាគារ ដែល​នេះ​ជា​អំពើ​ខុសច្បាប់​។ ដូច្នេះ​មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ណែនាំ​ដល់​ពួកគេ​ឲ្យមក​សុំ​អាជ្ញា​បណ្ណ​សណ្ឋាគារ​។ តែបើ​ពួកគេ​មិន​ព្រម​មកសុំ​អាជ្ញា​បណ្ណ​ទេ តាម​នីតិវិធី​ត្រូវតែ​ទទួល​ការផាកពិន័យ​តាមច្បាប់ ហើយ​បើ​ពួកគេ​នៅតែ​មិន​ព្រមទៅ​បង់​ការផាកពិន័យ​ទៀត ត្រូវតែ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។​

​លោក ថោង ខុន បាន​គូសបញ្ជាក់ថា ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​កំពុង​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដោយនៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៥.៦​លាន​នាក់ កើនឡើង​១២%​។ តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​យ៉ាងតិច ៧​លាន​នាក់ ក្នុងនោះ​តំបន់​ឆ្នេរសមុទ្រ​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ២​លាន​នាក់ និង​ទេសចរ​ជាតិ​ប្រមាណ ៤​លាន​នាក់​៕

 ពាក្យគន្លឹះ  លោកថោងខុន

ព័ត៌មានផ្សេងទៀត