អត្ថបទខ្លីមួយ មានចំណងជើងថា«ទង់ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា»ជាសហវណ្ណកម្មនៃស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោកយ៉ង សាំងកុមារ និងលោកសាម អ៊ីន បានលើកទឹកចិត្តពលរដ្ឋជាង៣លាននាក់ ដែលមានបំណងចង់ផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ តាមរយៈផ្តល់ការគាំទ្រទៅលើគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ ពេលនេះ អ្នកទាំងនោះបែរជាអស់សង្ឃឹម ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
លោកយ៉ង សាំងកុមារ និងលោកសាម អ៊ីន បានលើកពី ប្រវត្តិនៃការកសាងលទ្ធិប្រជាធិបតេយ្យ ងាកចេញពីរបបសក្តិភូមិ កុម្មុយនីស្តនិយម ឬអំណាចផ្តាច់ការ តែងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ហើយរឿងបែបនេះក៏គ្មានករណីលើកលែងដែរ សម្រាប់ដំណើរការកសាងប្រជាធិបតេយ្យនៅកម្ពុជា។
ពួកលោកនិយាយថា ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលមានក្តីប្រាថ្នាចង់ឃើញការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យសេរីពហុបក្សមានការខកចិត្ត និងអស់សង្ឃឹមជាខ្លាំងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ ពួកលោកចោទជាសំណួរថា តើនេះជាវគ្គចុងក្រោយនៃដំណើរការកសាងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឬ?
ពួកលោកបានទាញអារម្មណ៍ ម្ចាស់ឆ្នោត ឲ្យត្រឡប់មើលដំណើរការកសាងប្រជាធិបតេយ្យចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។ ក្នុងរយៈ ៥ ឆ្នាំម្តង ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយជាច្រើន និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមតាមដានសង្កេតការណ៍ ហើយបរិយាកាសនយោបាយប្រកួតប្រជែង និងដំណើរការបោះឆ្នោតមានភាពប្រសើរឡើងពី១ អាណត្តិ ទៅ ១ អាណត្តិ។
ពលរដ្ឋកម្ពុជា មើលឃើញអ្នកដឹកនាំនយោបាយសំខាន់ៗ ដែលនៅមានឥទ្ធិពល លើសង្វៀននយោបាយខ្មែរបច្ចុប្បន្ន គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកសម រង្ស៊ី និងលោកកឹម សុខា។ លោកសម រង្ស៊ី និងលោកកឹម សុខា ជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានបំពេញភារកិច្ចយ៉ាងលំបាកយូរឆ្នាំ ប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការបំផុសប្រជាពលរដ្ឋឲ្យយល់ដឹង និងប្រើប្រាស់សិទ្ធិសេរីភាពពលរដ្ឋ ក្នុងការសម្ដែងមតិ ការជួបជុំតវ៉ាដោយសន្តិវិធី និងការបោះឆ្នោត។ តែគួរឲ្យសោកស្តាយ អ្នកដឹកនាំនយោបាយដែលមានឥទ្ធិពលទាំង ៣ រូបគ្មានសមត្ថភាពធ្វើការរួមគ្នា គ្មានទំនុកចិត្តលើគ្នាទៅវិញទៅមក និងខកខានក្នុងការកសាងមរតកនៃការរៀបចំប្រព័ន្ធប្រជាធិបតេយ្យដ៏ល្អមួយសម្រាប់អ្នកជំនាន់ក្រោយ។ ពួកគាត់ទាំង ៣ រូបបានបង្កើតនយោបាយប្រឈមមុខគ្នាបែបអវិជ្ជមាន បង្កទំនាស់ស្រួចស្រាវ ឈានទៅរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឲ្យដំណើរកសាងលទ្ធិប្រជាធិបតេយ្យធាក់ថយក្រោយ និងប្រជាពលរដ្ឋអស់សង្ឃឹម។
ប៉ុន្តែ យ៉ាងនេះ ក៏ដោយ ស្ថាបនិកគណបក្សប្រជាធិបតេយ្យទាំងពីរខាងលើ ថាការរំលាយគណបក្សសង្គ្រោះជាតិមិនគួរ និងមិនត្រូវជាវគ្គចុងក្រោយ នៃដំណើរកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាទេ។ លោកថា គ្រាប់ពូជប្រជាធិបតេយ្យត្រូវបានសាបព្រួស ហើយពន្លកស្រូវក៏លូតលាស់ចេញពណ៌ខៀវស្រងាត់ជាបណ្តើរៗដែរ ស្រាប់តែមួយរំពេចនោះ មានព្យុះកំណាចមួយបោកបក់យ៉ាងខ្លាំង ហើយនាំទឹកជំនន់ដ៏ធំមួយមកបំផ្លាញសំណាបទាំងស្រុង។ តើយើងត្រូវអស់សង្ឃឹម ហើយសម្រេចចិត្តឈប់ធ្វើស្រែបន្តទៀត? ឬត្រូវសម្រេចចិត្តចាប់ផ្តើមសាបប្រស់ឡើងវិញ?
ចម្លើយយ៉ាងខ្លី លោកទាំងពីរ លើកឡើងថា«យើងមិនត្រូវអស់សង្ឃឹមទេ។ យើងត្រូវបន្តដំណើរទៅមុខទៀត។ យើងត្រូវចាត់ទុកថា ការកសាងរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាប្រៀបដូចជាកីឡារត់បណ្តាក់»៕