អតីតគណបក្ស​សង្គ្រោះ​ជាតិថ្កោលទោស ​សេចក្តីសម្រេចរបស់​សាលាឧទ្ធរណ៍​

02-02-2018 8:35 am 916
  ស្តាប់
លោកកឹម សុខាអង្គុយពាក់អាវពណ៌ផ្ទៃមេឃនៅអំឡុងពេលចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំកាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៨
ស្តាប់ជាសំឡេង

អតីត គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​បានសម្រេច បន្ត​ឃុំខ្លួន​លោក​កឹម សុខា​ប្រធាន អតីត គណបក្ស​សង្គ្រោះ​ជាតិ​។ បើតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ កាលពី​ថ្ងៃទី​១​ខែ​កុម្ភៈ អតីត គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការសម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​ច្រានចោល​បណ្តឹងសុំ​នៅក្រៅ​ឃុំ របស់​ក្រុម​មេធាវី លោក​កឹម សុខា កាល ពី​ថ្ងៃទី​១​កុម្ភៈ​ឆ្នាំ​២០១៨​ថា ធ្វើឡើង​ដោយ​មិន​ឈរលើ​មនសិការ​យុត្តិធម៌​។​

​អតីត គណបក្ស​សង្ក្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការដោះលែង​លោកឹម សុខា​ជាបន្ទាន់​និង​ឥត​ល័ក្ខខ័ណ្ឌ ដោយ​អះអាងថា លោក​កឹម សុខា​មិនបាន​ប្រព្រឹត្ត​កំហុស ដូច​ការចោទប្រកាន់រ​បស់​តុលាការ​ឡើយ​។ បន្ថែម​លើ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ ដោយ​អំណាចតុលាការ​កាលពី​ឆ្នាំមុន បានចាត់ទុក​ការចាប់ខ្លួន​កឹម សុខា​ថា ធ្វើឡើង​ដោយ​ហេតុផល​នយោបាយ និង​ជា​ទង្វើ​រំលោភបំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​យ៉ាងធ្ងន់ធ្ងរ​។​

​អតីត គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យមាន​ការដោះលែង​លោកឹម សុខា និង​ធ្វើឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា វិល​មករក​ភាពប្រក្រតី​វិញ ដោយ​ធានាថា គណបក្ស​នេះ អាច​ដំណើរការ​ឡើងវិញ និង​មាន​វត្តមាន​នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។​

​យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់ អតីត គណបក្ស​សង្គ្រោះ​ជាតិ​នេះ ថា​ជា​សេចក្តីថ្លែងការណ៍​ខ្មោច ហើយ​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ​។​

​សេចក្តីថ្លែងការណ៍ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កម្ភៈ ឆ្នាំ​២០១៨ បាន​តម្កល់​សេចក្ដីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​លោក​កឹម សុខា​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ទុកជាបានការ​ដដែល​។ ការបដិសេធ​ជាថ្មី​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​នេះ ក្រោម​ហេតុផល​ថា ដើម្បី​ធានា​ដល់​នីតិវិធី​នៃ​រឿងក្ដី និង​ដើម្បី​ធានា​សុវត្ថិភាព​លោក​កឹម សុខា​។​

លោក​កឹម សុខា ប្រធាន អតីត គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កងកម្លាំង​នគរបាល​របស់​រដ្ឋាភិបាល​កម្ពុជា ចាប់ខ្លួន​កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទថា បាន​ប្រព្រឹត្ត «​អំពើ​ក្បត់ជាតិ​»​។ សព្វថ្ងៃ​លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ម​៣) ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន វៀតណាម​។ ការចាប់ខ្លួន​របស់លោក កឹម សុខា បាន​ធ្វើឡើង​ក្រោយពី​បែកធ្លាយ​វីដេអូ​ក្លីប​មួយ ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​សង្ស័យថា​លោក កឹម សុខា មាន​ផែនការ​សម្ងាត់​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​៕ 


 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត