គ​.​ជ​.​ប​៖ សន្លឹកឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​បោះពុម្ព​រួចរាល់​នៅ​ថ្ងៃនេះ​ហើយ​

01-02-2018 2:51 pm 1587
  ស្តាប់
អ្នកនាំពាក្យគ.ជ.ប លោកឌឹម សុវណ្ណរុំ (ឆ្វេង) និងលោក ហង្ស ពុទ្ធា ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ នៅក្នុងរោងពុម្ព ។ រូបថត គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញ​ពី​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​ស្ថិត​នៅក្នុង​ទីតាំង​រោង​ពុម្ព​មួយកន្លែង នា​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ។ អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ថ្លែង​បញ្ជាក់ថា ការដាក់​បង្ហាញ​ពី​ការងារ​បោះពុម្ព​សន្លឹកឆ្នោត​នេះ ធ្វើឡើង​ដើម្បី​រក្សា​តម្លាភា​ពដល់​អ្នកបោះឆ្នោត និង​សាធារណជន ស្របតាម​ច្បាប់​ដែល​បានចែង...

​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មានប្រសាសន៍​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ នេះ​ថា នេះ​ជា​លើក​ទី​មួយ​ដែល​គ​.​ជ​.​ប បានរៀបចំ​ឱ្យ​មាន​ការបង្ហាញ​ពី​ការបោះពុម្ព​សន្លឹកឆ្នោត បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។ 

​លោក​បន្ថែមថា ការដាក់​បង្ហាញ​ពី​ការងារ​បោះពុម្ព​សន្លឹកឆ្នោត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រក្សា​តម្លាភាព​ជូន​ដល់​សាធារណជន អង្គ​បោះឆ្នោត និង​មហាជន​អំពី​ការងារ​ដែល​គ​.​ជ​.​ប​បានធ្វើ ស្របតាម​ច្បាប់​ដែល​បានចែង ជាពិសេស​គឺ ដើម្បី​បង្ហាញ​ដល់​សាធារណជន​ថា គ​.​ជ​.​ប បាន​ត្រៀម​រួចរាល់​នូវ​សន្លឹក​ឆ្នោត​ទាំងអស់ ដើម្បី​ឆ្ពោះ​ទៅកាន់​ដំណើរការ​នៃ​ការបោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​នា​ពេលខាងមុខ​ដ៏​ខ្លី ដែល​នឹង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​នេះ​តែម្តង ។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បញ្ជាក់ថា សន្លឹក​ឆ្នោត​ទាំងអស់​ដែល​ត្រូវ​បោះពុម្ព រាប់បញ្ចូល​ទាំង​សន្លឹកឆ្នោត​បម្រើ​នៅ​តាម​ការិយាល័យ និង​សន្លឹកឆ្នោត​បម្រុង មាន​ចំនួន​សរុប​ជាង​២៥.០០០​សន្លឹក​…
​សំឡេង​លោក ឌឹ​ម សុ​វណ្ណា​រុំ ៖

​អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ​បញ្ជាក់បន្ថែម​ថា ក្នុងចំណោម​សនឹ្លកឆ្នោត​សរុប​ទាំង​អស់​មាន​សន្លឹកឆ្នោត​គំរូ ចំនួន ១.២៥០ សន្លឹក​, សន្លឹកឆ្នោត​ត្រៀម​បម្រុង មាន​ចំនួន ៥.៣០០ សន្លឹក និង​សន្លឹកឆ្នោត​បម្រើ​នៅតាម​ការិយាល័យ​នីមួយៗ មាន​ចំនួន ១៩.៤០០ សន្លឹក ។ 

​លោក​បញ្ជាក់ថា អ្នកបោះឆ្នោត​អាច​ស្នើសុំ​សន្លឹកឆ្នោត​ថ្មី​មក​គូ​សបាន ក្នុងករណី​គូស​សន្លឹកឆ្នោត​ខូចខាត ឬ​ខុសឆ្គង​ក្នុង​ប្រការ​ណាមួយ​…
​សំឡេង​លោក ឌឹ​ម សុ​វណ្ណា​រុំ ៖

​គូសបញ្ជាក់ថា បើ​តាម​ការ​ចាប់ឆ្នោត​ជ្រើសរើស​លេខ​រៀង​របស់​គណបក្ស​៤​ដែល​ឈរឈ្មោះ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​៨ ខែ​មករា កន្លងទៅនេះ​មាន លេខ​រៀង​ទី​១​គឺ គណបក្ស​ប្រជាជន​កម្ពុជា​, លេខ​រៀង​ទី​២ គណបក្ស​យុវជន​កម្ពុជា​, លេខ​រៀង​ទី​៣ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លេខ​រៀង​ទី​៤ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ។ រាល់​សម្ភារ​បម្រើ​ដល់​ការបោះឆ្នោត រួមមាន​ទាំង​សន្លឹកឆ្នោត​ដែល​បោះពុម្ព​រួចរាល់ នឹង​បញ្ជូន​ទៅ​ដល់​ទីតាំង​បោះឆ្នោត នៅ​៣៦​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត ។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

 ពាក្យគន្លឹះ  គជបសន្លឹកឆ្នោត

ព័ត៌មានផ្សេងទៀត