លោក កឹម សុខា ​នឹងបញ្ជូនមក​សាលាឧទ្ធរណ៍​នៅថ្ងៃស្អែក

31-01-2018 2:08 pm 1823
  ស្តាប់
លោកកឹម សុខា ក្នុងពេលកំពុងចាប់ខ្លួន។
ស្តាប់ជាសំឡេង

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នឹងបញ្ជូនមកដល់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ នាម៉ោង៨ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ ដើម្បីចូលរួមសវនាការបណ្តឹងនៅក្រៅឃុំ។នេះតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកលោកនៅថ្ងៃទី៣១មករា។

យោងតាមលិខិតអញ្ជើញមេធាវី សំ សុគង់ ចូលរួមសវនាការ សភាស៊ើបសួរសាលាឧទ្ធរណ៍ នឹងបើកសវនាការរឿងក្តីជនត្រូវចោទ កឹម សុខា ជាអសាធារណៈ លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ប្រឆាំងនឹងការសម្រេចមិនដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។សវនាការនេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និង លោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។

វិទ្យុវាយោមិនអាចសុំការលំអិតពីលោកមេធាវី សំ សុគង់បានទេនៅថ្ងៃនេះ។រីឯលោក ទូច ថារិទ្ធិ អគ្គលេខាធិការរងសាលាឧទ្ធរណ៍ និងជាអ្នកនាំពាក្យ បានប្រាប់វិទ្យុវាយោថា សភាស៊ើបសួរសាលាឧទ្ធរណ៍ បានចេញដីកាកោះ និងទៅតាមនីតិវិធីឲ្យលោក កឹម សុខា ចូលខ្លួននៅថ្ងៃទី០១ ខែកុម្ភៈនេះ។ប៉ុន្តែការបញ្ជូនលោក កឹម សុខា មកចូលសវនាការអាស្រ័យលើសមត្ថកិច្ច ខាងតុលាការមិនទាន់ដឹង។

សំឡេងលោក ទូច ថារិទ្ធិ៖

គួរបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកងកម្លាំងនគរបាលរបស់រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួន កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថាបានប្រព្រឹត្ត «អំពើក្បត់ជាតិ»។សព្វថ្ងៃលោកត្រូវបាននាំទៅសួរចម្លើយនៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ឬពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែន វៀតណាម។

ការចាប់ខ្លួនរបស់លោក កឹម សុខា បានធ្វើឡើងក្រោយពីបែកធ្លាយវីដេអូក្លីបមួយ ដែលរដ្ឋាភិបាលក្រុងភ្នំពេញសង្ស័យថា លោក កឹម សុខា មានផែនការសម្ងាត់និងជនបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕ 

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត