​សង្គម​ស៊ីវិល​៣៥​អំពាវនាវ​ទម្លាក់​បទ​ចោទ​គណៈកម្មការ​បុណ្យ​សព​លោក​កែម​ឡី​

30-01-2018 3:32 pm 1421
  ស្តាប់
(ពីឆ្វេងទៅស្តាំ) លោក ប៉ា ងួនទៀង, ព្រះតេជគុណ ប៊ុត ប៊ុនតេញ និងលោក មឿន តុលា ។
ស្តាប់ជាសំឡេង

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៥ បាន​អំពាវនាវ​ឱ្យ​ទម្លាក់ចោល​ជា​បន្ទាន់​នូវ​បទ​ចោទ ដែល​គ្មាន​មូលដ្ឋាន​ប្រឆាំង​គណៈកម្មការ​បុណ្យ​សព​លោក​កែម ឡី ហើយក៏​ជា​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​លេចធ្លោ​៣​រូប មាន​លោក ប៉ា ងួនទៀង ព្រះ​តេជគុណ ប៊ុត ប៊ុនតេញ និង​លោក មឿន តុលា ។ ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​បែបនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការគំរាមកំហែង និង​យាយី ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ីវិល​កម្ពុជា និង​អ្នកការពារ​សិទ្ធិមនុស្ស ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ។​

​គណៈកម្មការ​បុណ្យ​សព​ទាំង​៣​រូប ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ការរំលោភ​លើ​សេចក្តីទុកចិត្ត កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨ យោងតាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា ដោយ​បាន​ចោទប្រកាន់​ថា ពួកគាត់​បាន​លួច​បន្លំ មូលនិធិ​នៃ​ពិធី​បុណ្យសព​អ្នកវិភាគ​នយោបាយ​លោក កែម ឡី ។ ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្រោម​បណ្តឹង​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ណាមួយ​មក​បញ្ជាក់អះ​អាង ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​អះអាងថា ក្រុមគ្រួសារ​សព​លោក កែម ឡី ពុំ​បាន​ដាក់​ពាក្យបណ្តឹង​ណាមួយ​ប្រឆាំង​នឹង​ការប្រើប្រាស់​មូលនិធិ​នេះ​ឡើយ ហើយ​សមាជិក​គ្រួសា​ររ​បស់​គាត់​បាន​ច្រានចោល​ពាក្យបណ្តឹង​នេះ ដោយ​ហៅ​បណ្តឹង​នេះ​ថា គ្មាន​មូលដ្ឋាន ។ ការចោទប្រកាន់​ដោយ​មិន​មាន​ភស្តុតាង​ទាំងនេះ កើតឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​បង្ក្រាប​យ៉ាងតឹង​រឹងមក​លើសំ​ឡេង​ជំទាស់​នៅ​កម្ពុជា ដែល​ធ្វើឱ្យ​លំហ​ការងារ​របស់​អ្នកការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​មាន​ការរួម​តូច​កាន់តែខ្លាំង ។​

​ក្រុម​សង្គម​ស៊ីវិល​ទាំង​៣៥ ស្នើ​ដល់​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​អង្គការ​សង្គម​ស៊ីវិល អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដែល​កំពុង​ធ្វើការ​ដោយ​ស្របច្បាប់ និង​ការងារ​ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ។ សេចក្តីថ្លែងការណ៍​ដដែល​បានស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ដើម្បី​ឱ្យ​សង្គម​ស៊ីវិល​អាច​ដំណើរការ​ទៅមុខ​ដោយ​គ្មាន​ការ​រឹតត្បិត និង​យាយី ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត