លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះហៅអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ និងស្មៀនទាំងអស់ នៃដែនសមត្ថកិច្ច រាជធានីភ្នំពេញ មកប្រជុំដើម្បីពង្រឹងតួនាទី និងភារកិច្ច ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។
ការប្រជុំ នៅព្រឹកថ្ងៃទី២៣ មករា នេះ លោកឃួង ស្រេង បានបង្គាប់ឲ្យចៅសង្កាត់ និងក្រុមប្រឹក្សា ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋផ្ទាល់ ដោយលោកបញ្ជាក់ថា ដើម្បីចង់ដឹងពីភាពជាក់ស្តែង នៃតម្រូវការសេវា សំណូមពរ និងក្តីកង្វល់ និងត្រូវរាយការណ៍ការងារនោះ មកអភិបាលខណ្ឌ ហើយប្រសិនបើការងារនោះ អាចដោះស្រាយបាន ត្រូវដោះស្រាយនៅនឹងកន្លែង ហើយបើកាងារនោះហួសសមត្ថភាព ត្រូវរាយការណ៍ជូនថ្នាក់លើបន្តទៀត។
លោកបានស្នើឲ្យ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក៏ដូចជាមន្ទីរជំនាញតាមអង្គភាព រួមនឹងកងកម្លាំងមានសម្ថតកិច្ចផងដែរ ត្រូវចេះកែប្រែបញ្ហាដែលមានឧបសគ្គ ឲ្យមកជាដំណោះស្រាយ ទើបរាល់បញ្ហាទាំងអស់ អាចទទួលបានជោគជ័យ នឹងគ្មានបញ្ហាកើតឡើង។ លោកក៏បានក្រើនរំលឹកថា ចាប់ពីពេលនេះទៅ មន្ត្រីខាងលើត្រូវមានស្មារតីឲ្យស្មោះត្រង់ចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ លោកទទួលស្គាល់ថា ពេលនេះ ជាពេលដែលត្រូវយកចិត្តទុកដាក់បំផុត។
ការក្រើនរំលឹក មន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួននៅពេលនេះ គឺស្របគ្នានឹងការដាស់តឿនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលលោកធ្លាប់បានរម្លឹក មន្ត្រីក្រោមឱវាទដែលជាមេដឹកនាំក្រសួង ប្រធានស្ថាប័ន និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាប់ទាំងវិស័យឯកជនផង ឲ្យបោសសម្អាតផ្ទះរបស់ខ្លួនតាមរយៈការ«ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល»ឲ្យបានស្អាត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយថា មន្ត្រីរាជការទាំងអស់ កុំតាំងខ្លួនជាចៅហ្វាយរបស់ប្រជាពលរដ្ឋ លោកថា«ធ្វើមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ»។
ប៉ុន្តែបើទោះជាបែបនេះ ឥរិយាបថរបស់មន្ត្រីភាគច្រើន ត្រូវគេមើលឃើញថា ហាក់មិនមានការកែប្រែគួរឲ្យកត់សម្គាល់ទេ។ អ្នកវិភាគបញ្ហាសង្គម យល់ថា បច្ចុប្បន្នឥរិយាបថរបស់មន្ត្រីហាក់មានការផ្លាស់ប្ដូរបន្តិចបន្តួចតែប៉ុណ្ណោះ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ពីព្រោះមន្ត្រីភាគច្រើន នៅតែតាំងខ្លួន ជាចៅហ្វាយរាស្ត្រ៕