កម្ពុជា​ដាក់​សម្ពោធ​អង្ករ​«​ម្លិះ​អង្គរ​»​ជា​ផ្លូវកា​រហើយ​

22-01-2018 4:34 pm 672
  ស្តាប់
ស្តាប់ជាសំឡេង

ការសម្រេច​សម្ពោធ​នូវ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​នេះ គឺ​មាន​រយៈពេល​៨​ឆ្នាំ បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១០ និង ការជួយ​ជ្រោម​ជ្រែង​យ៉ាងខ្លាំង​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​ក្នុង​ការរៀបចំ​ម៉ាក​វិញ្ញាតកម្ម ដែល​អាច​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​អង្ករ​កម្ពុជា​។​

«​ម្លិះ​អង្គរ​» «MALYS ANGKOR» ជា​ម៉ាក​អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា ដែល​នឹង​ផ្តល់​ការបញ្ជាក់​ទៅលើ​ប្រភេទ​អង្ករ​ក្រអូប​ប្រណិត​នានា ដែល​កម្ពុជា​ផលិត​បាន រួច​កិន​កែច្នៃ សម្រាប់​នាំចេញ ឬ​ចែកចាយ​ក្នុង​ទីផ្សារ​ក្ន្ងុងស្រុក​។ រាល់​ការប្រើប្រាស់​ម៉ាក​«​ម្លិះ​អង្គរ​» «MALYS ANGKOR» គឺជា​ការធានា​ចំពោះ​មុខ​ច្បាប់​ថា អង្ករ​នោះ​ជា​ផលិតផល​កម្ពុជា យ៉ាង​ពិតប្រាកដ​។​

​កម្ពុជា​បាន​ចាប់​យក​ឱកាស​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ផ្លូវការ​ចាប់តាំងពី​ឆ្នាំ​២០០៨​។ ដោយ​មើលឃើញ​នូវ​សក្តានុពល​ក្នុង​ការនាំ​អង្ករ​ចេញ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​ស្រូវ​អង្ករ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១០ ដែល​កាលនោះ បរិមាណ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជិត ៤០,០០០​តោន ហើយ បរិមាណ​នាំចេញ​បាន​កើន​៥​ដង រហូតដល់​២០០,០០០​តោន​នៅ​ឆ្នាំ​បន្ទាប់​។ បរិមាណ​នាំចេញ​បាន​កើនឡើង​រហូត​ដល់​៤០០,០០០​តោន​នៅ​ឆ្នាំ​២០១៣ ដោយ​កើនឡើង​ជិត​១០​ដង​ធៀប​នឹង​ឆ្នាំ​២០១០​។ នៅ​ដំណាច់ឆ្នាំ​២០១៧ កម្ពុជា​សម្រេច​ការនាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង ៦៣៥,០០០​តោន​ទៅ​កាន់​ប្រទេស​៦៣​ក្នុង​សកលលោក​។

គួររំលឹកថា ទិន្នន័យ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៧ បង្ហាញថា ទីផ្សារ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ស្រូប​យក​អង្ករ​កម្ពុជា​៤៣% នៃ​បរិមាណ​នាំចេញ​សរុប ស្រប​ពេល​ទីផ្សារ​ចិន​កំពុង​ប្រជែង​ក្នុង​ល្បឿន​យ៉ាង​រហ័ស​ក្នុងការ​ស្រូបយក​អង្ករ​ពី​កម្ពុជា ដោយ​មាន​ចំណែក​៣៤%​នៃ​ការនាំចេញ​សរុប​។ នៅ​ឆ្នាំ​២០១៨ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះ​អនុស្សារណៈ​ទិញ​អង្ករ​កម្ពុជា​៣០០,០០០ តោន​ក្នុង​មួយឆ្នាំ​។ កត្តា​នេះ បាន​ធ្វើ​ឲ្យ​ឱកាស​ពង្រីក​ទីផ្សារ​កាន់តែ​ធំ​ទូលំទូលាយ​សម្រាប់​អង្ករ​កម្ពុជា​ផង​ដែរ​៕

ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត