គណបក្ស​មូលដ្ឋាន​​ស្នើ​អតីត​CNRP​ វិល​ទៅ​ទ្រនុំ​ចាស់ ​ដើម្បី​រួមគ្នា​​បំបែក​សំឡេង​​៥០%+១ ​

18-01-2018 5:16 pm 27748

​មកដល់ពេលនេះ ក្តីសង្ឃឹម​លើ​ការទាមទារ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ហាក់​ឆ្ងាយ​ហួស​ជើងមេឃ​ទៅទៀត​។ គណបក្សកាន់អំណាច ចាត់ទុក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សាកសព​ដែល​ត្រូវបាន​បូជា​រួចរាល់​ហើយ មិនអាច​រស់​ឡើងវិញ​ជាដាច់ខាត បើទោះជា ក្រុមប្រឆាំង​ខំ​លួង​ចិត្ត​ខ្លួនឯង ថា​គណបក្ស​នេះ រលាយ​តែ​នៅលើ​ក្រដាស​ក៏ដោយ​។​

​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​ក្រុម​លោក​សម រង្ស៊ី ហាក់​ទទួលស្គាល់​ពី​ការ​រលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ តាមរយៈ​ងាក​មក​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​វិញ ក្នុងការ​តទល់ នឹង​ស្ថានការណ៍​ចុងក្រោយ​នេះ​។ ប៉ុន្តែ​ម្ខាង​ទៀត ដែល​ស្និទ្ធ​នឹង​លោក​កឹម សុខា មិន​ពេញ​ចិត្តនឹង​ចលនា​នេះ​ទេ ដោយ​យល់ថា ការបង្កើត​ចលនា​នេះ គឺជា​ការ​ទទួលស្គាល់ថា គណបក្ស​សង្គ្រោះ​ជាតិ រលាយ​យ៉ាង​ពិតប្រាកដ​។ ពួកគេ នៅតែ​ប្រកាស​ធ្វើ​សកម្មភាព ក្រោម​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។​

​អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​សាម អ៊ី​ន បានផ្តល់​អនុសាសន៍​ថា យក​ល្អ ក្រុម​អតីត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គួរ​វិល​ទៅរក​ទ្រនុំ​របស់ខ្លួន​ណាមួយ ហើយ​ចូលរួម​បោះឆ្នោត ដោយ​មិនត្រូវ​អែអង់​បន្តទៀត​ទេ​។​លោក​ថា បើ​ក្រុម​អតីត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួតប្រជែង ក្រោម​ដំបូល​គណបក្ស​ភ្លើងទៀន ឬ​គណបក្ស​សិទ្ធិមនុស្ស ហើយ​បូក​រួមទាំង​សន្ទុះ​កើនឡើង នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​គួរឲ្យ​កត់សម្គាល់ពី​ម្ចាស់ឆ្នោត ពេលនេះ នោះ​សេណារីយោ​នយោបាយ ឆ្នាំ​២០១៨ នឹង​បង្កើតបាន​មុំ​៣ ដោយ​បំបែក​សំឡេង​៥០%+១ របស់​គណបក្សកាន់អំណាច មិនឲ្យ​គណបក្ស​នេះ ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ដូច​សព្វថ្ងៃនេះ បានឡើយ​....

​សំឡេង​លោក​សាម អ៊ី​ន​៖

​មកដល់ពេលនេះ កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត នៅសល់តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ​។​ក្រុម​ប្រឆាំង ក៏​នៅ​មិនទាន់​រក​ក្បាល​កន្ទុយ​ឃើញ​នៅឡើយ​ទេ​។​តាម​ការលើកឡើង​របស់​ក្រុមប្រ​ឆាំងកន្លងមក គឺ​គ្មាន​សេណារីយោ​ណាមួយ ក្នុង​ការវិល​ទៅរក​ទ្រនុំ​ចាស់​របស់​ពួកគេ​ឡើយ ព្រោះ​យល់ថា នេះ​ជា​សេណារីយោ​មួយ គ្រោះថ្នាក់​បំផុត ដែល​គណបក្សកាន់អំណាច​ចង់បាន​៕

ព័ត៌មានផ្សេងទៀត