គ​.​ជ​.​ឞ​ត្រៀម​ចំណាយ​២​ម៉ឺន​ដុល្លារ​សម្រាប់​បោះពុម្ភ​សន្លឹកឆ្នោតព្រឹទ្ធសភា

18-01-2018 4:02 pm 1265

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប កំពុង​ត្រៀម​បោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា ចំនួន​២៥៩០០​សន្លឹក នៅ​ចុង​ខែ​មករា​នេះ ដោយ​គ្រោង​ចំណាយ​ថវិកា​ជិត​២​ម៉ឺន​ដុល្លារ​។​សន្លឹក​ឆ្នោត​ទាំង​២៥៩០០​សន្លឹក​នេះ ត្រូវ​បាន​រាប់បញ្ចូល​ទាំង​សន្លឹកឆ្នោត​បំរុង និង​គំរូ​។ ​នេះ​បើ​តាម​ការបញ្ជាក់​ពី លោក សោម សូ​រី​ដា អគ្គលេខាធិការរង នៃ​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​ជុំវិញ​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ គណបក្ស​នយោបាយ​នីមួយៗ ក៏​បាន​ចាប់ឆ្នោត​ជ្រើសរើស លេខ​រៀង​រួចរាល់​ហើយ​ដែរ កាលពី​អំឡុង​ដើម​ខែ​មករា​កន្លងទៅ​នេះ​។ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​ក្នុង​លេខ​រៀង​ទី​១ គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី​២ គណបក្ស​ខ្មែរ​រួបរួម​ជាតិ លេខេ​រៀង​ទី​៣ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លេខ​រៀង​ទី​៤​។​

​ការបោះឆ្នោត​ព្រឹទ្ធសភា គឺជា​ការបោះឆ្នោត​អសកល មាន​តែ​តំណាងរាស្ត្រ​១២៣​រូប និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​១១,៥៧២​ជា​អ្នកបោះឆ្នោត​។

​សូមបញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស សមាជិក​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ដោយ​គ្មាន​ការផ្លាស់ប្ដូរ បើ​ទោះបី​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ក៏​ដោយ ការបោះឆ្នោត​នេះ​ត្រូវតែ​ធ្វើ​ឲ្យខាងតែបាន​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត