ក្រសួង​វប្បធម៌​ស្នើ​អ្នកពាក់ព័ន្ធ​ចូលរួម​បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នៅ​កម្ពុជា​

18-01-2018 10:31 am 760
ក្រុមអ្នកផ្តួចផ្តើមបង្កើតអង្គភាពគ្រប់គ្រងសិទ្ធិរួមនៅកម្ពុជា ប្រជុំកាលពីពេលថ្មីៗនេះ ។ រូបថតពី លោក ញាណ សុជាតិ ប្រធាន​លេខាធិការដ្ឋាន ។

​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នៅ​កម្ពុជា នឹង​លេចចេញ​ជា​រូបរាង​ឡើង​នា​ពេលខាងមុខ​ដ៏​ខ្លី​នេះ ។ នេះ​បើ​តាម​លិខិតបញ្ជាក់​របស់​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នៅ​កម្ពុជា​ចុះផ្សាយ ដោយ​អម​ជាមួយ​នឹង​ខ្សែ​វីដេអូ​នៅលើ​ទំព័រ​យូ​ធូប កាលពី​ពេល​ថ្មីៗ​នេះ ។​

​ក្រុមការងារ​ផ្តួចផ្តើម​បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​នៅ​កម្ពុជា សំណូមពរ​ឱ្យមាន​ការចូលរួម​យ៉ាង​ទូលំទូលាយ ពី​សំណាក់​អ្នកពាក់ព័ន្ធ​នានា​ដូចជា អ្នកនិពន្ធ ផលិត​ករ សិល្បករ សិល្បការិនី អ្នក​សម្តែង ឬ​ម្ចាស់​សិទ្ធិ​នានា ជាច្រើន​រូប​មក​ពី​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ។ លិខិត​ដដែល​បានបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​អភិបាល​នៃ​អង្គភាព​នេះ នឹង​ប្រព្រិត្តទៅ​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ ។ ដោយឡែក សម្រាប់​ទីកន្លែង និង​ពេលវេលា​កំណត់ ក្រុមការងារ​នឹង​ជម្រាប​ជូន​ពេល​ក្រោយ ។​

​គូសបញ្ជាក់ថា ដើម្បី​ចូលរួម​ក្នុង​ការបង្កើត​អង្គភាព​គ្រប់គ្រង​សិទិ្ធ​រួមនេះ សាធារណជន​អាច​ទាក់ទង​ទៅ​កាន់ ប្រធាន​ក្រុមការងារ អ្នក​ម្នាង មាស មរកត តាមរយៈ​ទូរស័ព្ទ​លេខ ០៧៧ ៣០៤ ០២០ ឬ​លោក ញាណ សុជាតិ ប្រធាន​លេខាធិការដ្ឋាន តាមរយៈ​ទូរស័ព្ទ​លេខ ០៧០ ៩៨៨ ៦៦៦ ឬ ០១២ ៨៥៨ ៦៩៨ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត